(កណ្តាល)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានប្រារព្ធពិធីអបអរសាទរខួប លើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» ដោយប្រមូលថវិកាសប្បុរសប្រមាណ ៦១ម៉ឺនដុល្លារអាមេរិក សម្រាប់ទ្រទ្រង់កិច្ចការមនុស្សធម៌។

ពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្រោមអធិបតីភាពលោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមលោក លោកស្រីដែលជាសមាជិក សមាជិកា សប្បុរសជនជាតិ និងអន្តរជាតិយ៉ាងច្រើនផងដែរ។

នៅក្នុងឱកាសនេះដែរ លោកបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងថា នៅក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល សម្រេចបានជាច្រើនដូចជា៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ សាខានិងអនុសាខាស្រុក-ក្រុង បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះបាន១៥៧លើក ស្មើនិង៤៥៦០គ្រួសារ។ រងគ្រោះដោយសារទឹកជំនន់ ៣៥៣៣គ្រួសារ បាក់ច្រាំងទន្លេស្ទឹង១០១គ្រួសារ ខ្យល់ព្យុះខ្យល់កន្ត្រាក់១៥៩គ្រួសារ លង់ទឹក ១៩គ្រួសារ អគ្គិភ័យ ២៧គ្រួសារ ឆេះឡសម្ងួតស្រូវ៣គ្រួសារ ចាស់ជរាអត់ទីពឹង១៦១គ្រួសារ អ្នកជំងឺរាំរ៉ៃ ៤៣គ្រួសារ ក្រីក្រ ៤៩៣គ្រួសារ ជនពិការ១រគ្រួសារ និងកុមារកំព្រា៦គ្រួសារ។ ពាក់ព័ន្ធនិងការងារសុវត្ថិភាពចរាចរណ៍ យុវជនកាកបាទក្រហមខេត្តសហការជាមួយកម្លាំងនគរបាលចរាចរ បានចុះធ្វើសកម្មភាពជាប្រចាំរៀងរាល់ថ្ងៃអាទិត្យនៅចំណុចភ្លើង២កន្លែង ក្នុងក្រុងតាខ្មៅ។

លោកបណ្ឌិតបានបន្តថា សាខាបានធ្វើសកម្មភាពលើកកម្ពស់ឥស្សរជនឆ្នើមថ្នាក់ជាតិ ដោយចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់អ្នកផ្ទុកមេរោគអេដស៍បានចំនួន២៩២គ្រួសារ។ ការងារលើកកម្ពស់សុខភាពមាតា ទារក និងកុមារសាខាចុះសួរសុខទុក្ខផ្តល់កញ្ចប់ជំនួយ ដល់ទារកស្ត្រី សម្រាលកូន តាមមណ្ឌលសុខភាពបានចំនួន៤៩នាក់។ សាខាបើកវគ្គផ្សព្វផ្សាយអំពីវិជ្ជាសង្គ្រោះបឋមដល់យុវជនកាកបាទក្រហម សិស្សានុសិស្ស និងកម្មកររោងចក្រចំនួន ២០៦នាក់។ ជាចុងក្រោយលោកបណ្ឌិតបាន ថ្លែងអំណរគុណដល់សប្បុរជននានា ទាំងដែលបានចូលឧបត្ថម្ភគាំទ្រទាំងស្មារតី និងថវិកា។

ជាមួយគ្នានោះដែរលោកស្រី ឃួន សុដារី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅប្រកបដោយការកោតសរសើរ ចំពោះគណអធិបតី គណកតិត្តិយស គណកម្មាធិការសាខា អនុសាខា ដែលតែងតែយកចិត្តទុកដាក់ក្នុងការរៀបចំពិធី ដើម្បីអបអរទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ពោរពេញទៅដោយការចូលរួមស្ម័គ្រចិត្តផ្តល់ការគាំទ្រ ទាំងស្មារតី សម្ភារ និងថវិកាពីសំណាក់សប្បុរសជន គ្រប់មជ្ឈដ្ឋាន ធ្វើឱ្យសាខាទទួលបានធន់ធានហិរញ្ញវត្ថុ អាចបំពេញបានយ៉ាងសក្តិសម លើវិស័យមនុស្សធម៌នៅក្នុងដែនដី ខេត្តកណ្តាល ជួយសម្រាលទុក្ខលំបាកដល់ពលរដ្ឋងាយរងគ្រោះបំផុតបានភ្លាមៗផងដែរ៕