(ភ្នំពេញ)៖ ផ្កាថ្មជាសត្វមិនមែនជារុក្ខជាតិនោះទេ ដែលជាប្រភពជីវៈសម្រុះដ៏សម្បូរបែបបំផុតនៅលើភពផែនដី ហើយវាផ្ដល់ការទ្រទ្រង់ដល់ជីវិតមនុស្សជាង ៤០០លាននាក់ នៃប្រជាជនពិភពលោក។ ផ្កាថ្មសមុទ្រក៏ជាអេកូឡូស៊ីដែលទទួលរងការគំរាមគំហែងខ្លាំង ពីការឡើងកំដៅនៃសមុទ្រដែលកើតចេញពីបំរែបំរួលអាកាសធាតុ។ នៅពេលដែលផ្កាថ្មសមុទ្រទទួលរងការខូចខាតផ្សេងៗ សហគមន៍ និងសេដ្ឋកិច្ចក្នុងតំបន់ជាអ្នកខាតបង់។

អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) សហការជាមួយរដ្ឋបាលជលផល អាជ្ញាធរមានសមត្ថកិច្ច វិស័យឯកជន និងសហគមន៍នេសាទតំបន់ឆ្នេរ បានធ្វើការយ៉ាងជិតស្និទ្ធក្នុងកិច្ចការពារ និងអភិរក្សធនធានជលផលកំពុងរងគ្រោះថ្នាក់ និងទីជម្រកសំខាន់ៗ តាមរយៈកម្មវិធីអភិរក្សធនធានតំបន់ឆ្នេរ និងសមុទ្រនៅកម្ពុជា តាំងពីឆ្នាំ២០១០។

ក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរមានកំណើនពីគ្រប់ទិសទី មកលេងកំសាន្តនៅតាមបណ្តាខេត្តតំបន់ឆ្នេរ ក៏ដូចជា តាមកោះនានា ជាពិសេសនាឱកាសបុណ្យជាតិសំខាន់ៗ។ ជាធម្មតា ភ្ញៀវទេសចរចូលចិត្តដើរកំសាន្តតាមឆ្នេរខ្សាច់ ស្ទូចត្រី ទស្សនាទិដ្ឋភាពថ្ងៃអស្តង្គត និងហែលទឹកសមុទ្រមើលផ្កាថ្មជាដើម។ ទោះជាយ៉ាងណា សកម្មភាពចំបង១០ចំណុច ដែលភ្ញៀវទេសចរ និងអ្នកដឹកភ្ញៀវទេសចរតាមទូក គប្បីជៀសវាងដូចខាងក្រោម៖

*ទី១៖ មិនត្រូវប៉ះពាល់សត្វសមុទ្រប្រភេទខ្លះដូចជា៖ ពពុះទឹក (នាំឱ្យរមាស់) កាំប្រមាសមុទ្រ (ងាយមុត និងបាក់ចូលក្នុងស្បែក) ជាដើម
*ទី២៖ មិនត្រូវចូល ឬធ្វើសកម្មភាពនានាទៅកន្លែងអភិរក្ស និងហាមឃាត់
*ទី៣៖ មិនត្រូវប៉ះពាល់ ឬជាន់ផ្កាថ្មជាដាច់ខាត
*ទី៤៖ មិនត្រូវកាច់ ឬជួញដូរផ្កាថ្មគ្រប់ប្រភេទ
*ទី៥៖ មិនត្រូវបោះយុថ្កាលើតំបន់ផ្កាថ្ម និងស្មៅសមុទ្រ
*ទី៦៖ មិនត្រូវចាប់ ឬជួញដូរប្រភេទកំពុងរងគ្រោះថ្នាក់
*ទី៧៖ មិនត្រូវប្រើឧបករណ៍កែរច្នៃបាញ់ត្រី ឬសត្វសមុទ្រ
*ទី៨៖ មិនត្រូវហែលទៅជិត ឬបង្កគ្រោះថ្នាក់ដល់សត្វសមុទ្រ ដូចជាសត្វផ្សោត ត្រីបាណន់គីង្គក់ជាដើម
*ទី៩៖ មិនត្រូវបោះចោលសំរាមចូលទៅក្នុងសមុទ្រ
*ទី១០៖ អ្នកដឹកភ្ញៀវទេសចរតាមទូក ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងជួយណែនាំដល់ភ្ញៀវទេសចរមុនពេល ហែលទឹកកំសាន្តមើលផ្កាថ្ម និងសត្វសមុទ្រនានា។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលជលផល លោករីករាយ និងថ្លែងអំណរគុណដល់ដៃគូ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ទាំងអស់ដែលបានចូលរួម យ៉ាងសកម្មក្នុងសកម្មភាពអភិរក្សធនធានជលផលដ៏មានតម្លៃនេះ និងសូមស្នើបន្តសកម្មភាពដ៏ថ្លៃថ្លានេះបន្តទៀត សម្រាប់ជាតិនិងកូនចៅយើងជំនាន់ក្រោយផង។

តោះ!!! ចូលរួមមជាមួយយើងទាំងអស់គ្នាដើម្បីការពារផ្កាថ្មសមុទ្រដ៏ស្រស់ស្អាតរបស់យើង៕