(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលបដិសណ្ឋារកិច្ច និងពិភាក្សាការងារ ជាមួយ នាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) និងភរិយា នៅវិមានសន្តិភាព នៅវេលាម៉ោង៥៖០០នាទីល្ងាច ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីនេប៉ាល់ បានអញ្ជើញទៅដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
នាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោង ៣៖០០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បន្ទាប់ពីជួបសំណេះសំណាល និងជជែកលើការងារសំខាន់ៗមួយចំនួនហើយនោះ នៅពេលល្ងាច សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំពិធីលាងសាយភោជន៍ជូន លោកនាយករដ្ឋមន្ត្រីនេប៉ាល់ និងគណៈប្រតិភូផងដែរ។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីនេប៉ាល់ មកកាន់កម្ពុជានាពេលនេះ ត្រូវបានរំពឹងថា ជាការរួមចំណែកពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាព និងលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅឆ្នាំ១៩៦៤ តែត្រូវបានកាត់ផ្តាច់ទៅវិញនៅអំឡុងពេលកម្ពុជាជួបវិបត្តិភ្លើងសង្គ្រាម។ ប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងឡើងវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៩។
ដ្បិតថាបានបង្កើតទំនាក់ទំនងជាមួយគ្នាឡើងវិញរយៈជិត ២០ឆ្នាំទៅហើយក្តី តែបច្ចុប្បន្នប្រទេសកម្ពុជាមិនទាន់មានស្ថានទូតប្រចាំនៅនេប៉ាល់នៅឡើយទេ (មានវិវេសនដ្ឋាននៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា) ហើយនេប៉ាល់ ក៏មិនមានស្ថានទូតប្រចាំនៅកម្ពុជាផងដែរ (មាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ)៕