(ប៉េកាំង-ចិន)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានមានព្រះរាជបន្ទូលកោតសរសើរ ចំពោះលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានផ្តួចផ្តើមសហគមន៍វាសនារួមរបស់មនុស្សជាតិ ដែលជាឧត្តមគតិ និងមនសិការគិតគូរ ដល់ការកសាងសហគមន៍វាសនារួម។
ព្រះអង្គមានព្រះរាជបន្ទូលយ៉ាងដូច្នេះ ក្នុងឱកាសទ្រង់យាងចូលរួមក្នុងវេទិកាអរិយធម៌អាស៊ីលើកទី១ ដែលផ្តួចផ្តើមបង្កើតឡើងដោយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នារដ្ឋធានីប៉េកាំង វេលាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំ នៃប្រទសនានាជាច្រើនផងដែរ។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា «ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះ ខ្ញុំសូមកោតសរសើរឯកឧត្តមប្រធានាធិបតី ដែលបានផ្តួចផ្តើមសហគមន៍វាសនារួមរបស់មនុស្សជាតិ ដែលជាឧត្តមគតិ និងមនសិការគិតគូរ ដល់ការកសាងសហគមន៍វាសនារួម រវាងបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនតូចធំ និងសាធារណរដ្ឋប្រជាមានិតចិន ដែលជាអរិយប្រទេសមានវីរភាព ប្រកបដោយភាពទន់ភ្លន់ គួរឱ្យគោរព និងកោតសរសើរខ្ពង់ខ្ពស់»។
ព្រះអង្គមានព្រះរាជបន្ទូលទៀតថា «ជាថ្មីម្តងទៀត សូមចូលរួមវាយតម្លៃខ្ពស់ ប្រកបដោយការជឿជាក់ថា លទ្ធផលដែលទទួលបានពីវេទិកាអរិយធម៌អាស៊ីលើកទី១នេះ នឹងរួមវិភាគទានយ៉ាងធំធេងប្រកបដោយប្រសិទ្ធភាព និងការជំរុញឱ្យមានទំនាក់ទំនងល្អ រវាងប្រជាជាតិនៅអាស៊ីនាសម័យបច្ចុប្បន្ន ពូនជ្រុំ ការយោគយល់គ្នា ក្នុងតំបន់កាន់តែជ្រាលជ្រៅ និងលើកស្ទួយកិច្ចសហប្រតិបត្តិការក្នុងសន្តិភាព ភាតរភាព និងស្រឡាញ់គ្នាកាន់តែប្រសើរឡើង»។
ក្នុងឱកាសនោះ ព្រះមហាក្សត្រទ្រង់បានមានព្រះរាជបន្ទូលជំរុញឲ្យមានការយកចិត្តទុកដាក់ លើការពង្រឹងតួនាទីសាសនា និងការលើកតម្កើងតម្លៃសីលធម៌ និងប្រពៃណីល្អនៃទំនាក់ទំនង និងប្រវត្តិសាស្ត្រនៃប្រជាជាតិនៅអាស៊ី ការថែរក្សាសុខដុមភាពសង្គម និងសន្តិភាពនៅអាស៊ី និងនៅលើសាកលលោកឱ្យកាន់តែរឹងមាំឡើង។
លើសពីនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់មានបន្ទូលថា វេទិកាខ្សែក្រវាត់មួយ និងផ្លូវមួយ ដែលជាគំនិតផ្តួចផ្តើមរបស់លោក ស៊ី ជិនពីង ថាត្រូវបានចាប់ផ្តើមឡើង ដោយមានគណៈប្រតិភូច្រើនប្រទេសបានចូលរួម ពិតជាសក្ខីកម្មបង្ហាញឱ្យឃើញនូវសាមគ្គីភាពជាភាតរភាព នៃវាសនារួមគ្នា ដែលប្រទេសនីមួយៗ ទទួលបានផលប្រយោជន៍ជាច្រើនតាមរយៈកិច្ចសហប្រតិបត្តិការខ្សែក្រវាត់មួយ និងផ្លូវមួយនេះ។
សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានយាងចាកចេញពីកម្ពុជា ទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ ដែលរៀបចំដោយប្រទេសចិន តបតាមការយាងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ព្រះអង្គនឹងយាងនិវត្តន៍មកប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩៕