(កណ្ដាល)៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារបួសរ៉ាម៉ាឌន ជូនដល់បងប្អូន សាសនិកឥស្លាម ចំនួន២០០គ្រួសារ នៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

អំណោយទាំងនេះ ទទួលបានការឧបត្ថម្ភពី ក្រុមហ៊ុន Nasa Cosmetic ដែលក្នុងកញ្ចប់នីមួយៗ មានអង្ករ១០គីឡូក្រាម, ទឹកក្រូច១ដប, ទឹកស៊ីរ៉ូ១ដប, ទឹកផ្លែឈើ៥កំប៉ុង, ទឹកដោះគោខាប់១កំប៉ុង, ស្ករស១គីឡូក្រាម, មី៥កញ្ចប់ និងថវិកា១ម៉ឺនរៀល។ ក្រៅពីនេះក្រុមហ៊ុន ក៏បានឧបត្ថម្ភថវិកា ចំនួន៣០០ដុល្លារបន្ថែមទៀត សម្រាប់អាហារស្រាយបួសសាមគ្គីផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានអំពាវនាវដល់សាសនិកឥស្លាមទាំងអស់ ត្រូវចូលរួមឲ្យបានផលផុស ក្នុងការបរិច្ចាគទាន និងកសាងផលកុល្យផ្សេងៗឲ្យកាន់តែច្រើន ក្នុងខែពិសិដ្ឋរបស់ឥស្លាមរ៉ាម៉ាឌន ព្រោះខែនេះការបរិច្ចាកទាន ពិតជាមានសារសំខាន់ ដល់សហគមន៍ គ្រួសារអ្នកខ្វះខាត និងរាល់អំពើកុសល្យផ្សេងៗ នឹងទទួលបានផលបុណ្យច្រើនជាងខែនានា៕