(ប៉េកាំង)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានបង្ហាញនូវព្រះរាជហឫទ័យចង់ឱ្យសកលលោករួមគ្នាពង្រឹងតួនាទីសាសនា និងលើកតម្កើងសីលធម៌ឱ្យបានខ្លាំងក្លាឡើងវិញ ដើម្បីទប់ស្កាត់ការស្រុតចុះនៃសីលធម៌ គុណធម៌ និងអភិសមាចារក្នុងជីវភាពសង្គម ដែលកើតឡើងទន្ទឹមនឹងការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងសម្ភារទំនើបៗ។

តាមរយៈព្រះរាជសុន្ទរកថាដ៏មានអត្ថន័យ នាឱកាសវេទិកាអរិយធម៌អាស៊ីលើកទី១ ដែលបានប្រារព្ធឡើងនាថ្ងៃពុធ ១២កើត ខែពិសាខ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា គ.ស ២០១៩ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលយ៉ាដូច្នេះថា «បច្ចុប្បន្ននេះសកលលោកយើងកំពុងស្ថិតនៅក្នុង ដំណាក់កាលនៃការរីកចម្រើនជឿនលឿនខាងផ្នែកវិទ្យាសាស្ត្រ និងសម្ភារៈ ដែលមិនធ្លាប់មានពីមុនមក។ ប៉ុន្តែទន្ទឹមនឹងការរីកចម្រើនខាងលើនេះសីលធម៌ និងអភិសមាចារក្នុង ជីវភាពសង្គម ក៏មានការស្រុតចុះគួឱ្យព្រួយបារម្ភណាស់ផងដែរ។ ភាពអន់ថយនៃសីលធម៌ និងគុណធម៌សង្គម នាំឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងនិរន្តរភាពនៃវប្បធម៌ និងចីរភាពរបស់សង្គមមនុស្សទៅថ្ងៃអនាគត»

ព្រះអង្គមានព្រះរាជបន្ទូលបន្តថា នៅក្នុងបរិបទនេះកិច្ចការសំខាន់នៅចំពោះមុខ ត្រូវពង្រឹងស្មារតីទទួលខុសត្រូវរួមចំពោះអនាគតរបស់អាស៊ី និងមនុស្សជាតិ តាមរយៈការគោរពគ្នាទៅវិញទៅមកដោយស្មោះត្រង់នឹងគ្នា និងការស្វែងយល់ពីគ្នាកាន់តែជិតស្និទ្ធ ការគាំទ្រខាងស្មារតី និងបង្កឱ្យមានការពិភាក្សាផ្លាស់ប្តូរយោបល់ពីគ្នា និងរៀនសូត្រពីគ្នាទៅវិញទៅមកកាន់តែទូលំទូលាយ ដែលធ្វើឱ្យមានការទុកចិត្តគ្នាកាន់តែប្រសើរឡើង និងពង្រឹងសហប្រតិបត្តិការដោយស្មោះត្រង់នឹងគ្នា និងឯកភាពគ្នាក្នុងកិច្ចអភិវឌ្ឍន៍នៅអាស៊ីឱ្យកាន់តែមានសន្ទុះខ្លាំងក្លា និងប្រកបដោយការបង្កើតថ្មីប្លែកៗដូចដែលបានលើកឡើងក្នុងស្មារតីនៃវេទិកាស្រាប់។

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលទៀតថា «កិច្ចការជាចម្បងមួយទៀត ដែលត្រូវយកចិត្តទុកដាក់ទន្ទឹមគ្នានេះដែរ គឺការពង្រឹងតួនាទីសាសនា និងការលើកតម្កើងតម្លៃសីលធម៌ និងប្រពៃណីល្អនៃទំនាក់ទំនង និងប្រវត្តិសាស្ត្ររបស់ប្រជាជាតិនៅអាស៊ី ការថែរក្សាសុខដុមភាពសង្គម និងសន្តិភាពនៅអាស៊ី និងនៅលើសកលលោកឱ្យកាន់តែរឹងមាំឡើង»