(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ គ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ចាប់ផ្តើមឃោសនាបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩។
គ.ជ.ប បានបញ្ជាក់ថា សម្រាប់គណបក្សនយោបាយនីមួយៗ មានសិទ្ធិធ្វើសកម្មភាពឃោសនាកសំឡេងឆ្នោតរយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ហើយការឃោសនាបោះឆ្នោតត្រូវធ្វើឡើងតាមមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗដែលគណបក្សនយោបាយ បានចុះបញ្ជីឈរឈ្មោះ គឺចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០:០០នាទីយប់។
ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។ ការឃោសនាដោយរឧបករណ៍បំពងសំឡេង ត្រូវហាមឃាត់នៅចន្លោះពីម៉ោង១២៖០០ថ្ងៃត្រង់ ដល់ម៉ោង២៖០០រសៀល ហាមឃាត់នៅក្បែរមន្ទីរពេទ្យ និងហាមឃាត់នៅក្បែរសាលារៀន ឬគ្រឹះស្ថានសិក្សានានាក្នុងពេលម៉ោងសិស្សកំពុងសិក្សា។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ ចំពោះការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗត្រូវកំណត់២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។
សូមជម្រាបថា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩នេះ មានគណបក្សនយោបាយចំនួន៧ បានឈរឈ្មោះចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖