(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងប្រគល់ថវិកា ១,០០០,០០០ (មួយលានដុល្លារអាមេរិក) ជាលើកទី ២ (ថវិកាទទួលបានពីសប្បុរសជនក្នុងទិវា ៨ ឧសភា ២០១៩) ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានគណៈប្រតិភូដឹកនាំដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ពិធីជំនួបនេះ បានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ថវិកាចំនួន ១លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយស ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងពេលនោះដែរ។

ក្នុងឱកាសជួបសវនាការនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ និងកោតសរសើរ ជាពិសេសចំពោះ ស្ថាបនិកនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជា ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងកៀរគររកមូលនិធិ ហើយជួយព្យាបាលជំងឺជូនស្ត្រីមានផ្ទៃពោះឆ្លងទន្លេ និងកុមារកម្ពុជារាប់ពាន់ រាប់ម៉ឺននាក់ ដែលជាផ្នែកក្នុងការកាត់បន្ថយអត្រាមរណៈ មាតា ទារក និងកុមារ និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏បានរំលឹកពីប្រវត្តិស្នាដៃរបស់ លោកវេជ្ជបណ្ឌិត បេអាត រិចនឺ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីស្រោចស្រង់អាយុជីវិតរបស់កុមារកម្ពុជាបានរាប់លាននាក់ ក្នុងពេលកន្លងមក។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងបានជម្រាបជូនពីដំណើរការនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជារបាយការណ៍ឆ្នាំ២០១៨-២០១៩ ជាមួយនឹងការខិតខំប្រឹងប្រែងស្វែងរកមូលនិធិពីវិស័យនានា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីយកថវិកាប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ចាត់ចែងចំណាយប្រចាំថ្ងៃរបស់មន្ទីរពេទ្យ។

ជាមួយគ្នានេះ លោកអគ្គបណ្ឌិតសភាចារ្យ បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរ ជួយសម្រាលទុក្ខលំបាក និងទ្រទ្រង់ដល់សុខុមាលភាពរបស់ស្ត្រី និងកុមារកម្ពុជានៅទូទាំងប្រទេស។

សូមបញ្ជាក់ថា នេះជាលើកទី ២ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ១លានដុល្លារជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយដែលត្រូវជាឆ្នាំទី ៨ (៨លើក) សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា គិតពីឆ្នាំ ២០១២ បន្តបន្ទាប់មក៕