(កំពង់ឆ្នាំង)៖ អតីតមន្ដ្រីជាន់ខ្ពស់ម្នាក់ របស់គណបក្សសង្គ្រោះជាតិ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធសកម្មភាពចុះព្យាបាល និងចាក់ថ្នាំជូនប្រជាពលរដ្ឋគ្មានវិជ្ជាជីវៈ គ្មានការអនុញ្ញាតពីមន្ដ្រីជំនាញឲ្យបានត្រឹមត្រូវ។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា សមត្ថកិច្ចរបស់លោក ពិតជាបានឃាត់ខ្លួន លោក ប៉ុល ទិត្យធានី ជាអតីតមន្ដ្រីជាន់ខ្ពស់ម្នាក់ របស់អតីតគណបក្សសង្គ្រោះជាតិ តាមដីការបស់ព្រះរាជអាជ្ញាពាក់ព័ន្ធការចាក់ថ្នាំខុសច្បាប់។
ជាមួយគ្នានេះ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ក៏បានបញ្ជាក់ផងដែរថា សមត្ថកិច្ចនគរបាលពិតជាបានឃាត់ខ្លួន លោក ប៉ុល ទិត្យធានី តាមដីការបស់ព្រះរាជអាជ្ញា ដែលបុគ្គលរូបនេះបានដើរព្យាបាល និងចាក់ថ្នាំជូនប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាច ដោយគ្មានវិជ្ជាជីវៈ និងពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីមន្ទីរសុខាភិបាលនោះឡើយ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ការឃាត់ខ្លួននេះ ដោយយោងតាមពាក្យបណ្ដឹងរបស់មន្ទីរសុខាភិបាល ដែលប្ដឹងចូលទៅកាន់ព្រះរាជអាជ្ញា ហើយកន្លងទៅមន្ទីរសុខាភិបាល ក៏បានហៅបុគ្គលនេះ ទៅធ្វើកិច្ចសន្យាឲ្យបញ្ឈប់ទៀតផង ដោយត្រូវសុំច្បាប់ត្រឹមត្រូវ តែរូបគេមិនធ្វើតាម។
ពាក់ព័ន្ធការលើកឡើងទៅរកផ្លូវនយោបាយថាឃាត់ខ្លួន លោក ប៉ុល ទិត្យធានី មកពីត្រៀមរៀបចំផែនការទទួលលោក សម រង្ស៊ីនោះ ត្រូវបានអភិបាលខេត្តកំពង់ឆ្នាំង ច្រានចោលទាំងស្រុង គឺការឃាត់ខ្លួនជារឿងបទល្មើសរបស់បុគ្គលរូបនេះ ធ្វើខុសនឹងច្បាប់។
បើតាមលោក ឈួរ ច័ន្ទឌឿន ក៏បានបញ្ជាក់ផងដែរថា លោក ប៉ុល ទិត្យធានី ជាសមាជិកប្រតិបត្តិទទួលបន្ទុកផ្នែកហិរញ្ញិក។
សូមបញ្ជាក់ថា បើតាមព័ត៌មាននានា លោក ប៉ុល ទិត្យធានី ក្រៅពីគ្រូពេទ្យដើរចាក់ថ្នាំ គាត់គឺជាគ្រូបង្រៀនម្នាក់ផងដែរ និងជាសកម្មជនដ៏សកម្មម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
គិតត្រឹមពេលជនសង្ស័យ ប៉ុល ទិត្យធានី ស្ថិតក្រោមការសួរនាំរបស់ព្រះរាជអាជ្ញា រង់ចាំចាត់វិធានការបន្ដទៀត៕