(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា នៅទូទាំងខេត្តព្រះវិហារ មានក្រុមហ៊ុនវិនិយោគលើដីសម្បទានសេដ្ឋកិច្ចចំនួន ៣៤ក្រុមហ៊ុន លើផ្ទៃដីចំនួន ១៩៩.៤៨៨ហិកតា។ ក្នុងនោះ ក្រុមហ៊ុនវិនិយោគលើដំណាំ កៅស៊ូមាន ១៥ក្រុមហ៊ុន លើផ្ទៃដីសរុប ៦៤.៨៦០ហិកតា បានដាំដំណាំកៅស៊ូចំនួន ២៥១៩៨ហិកតា ចំណែកកៅស៊ូគ្រួសារមានចំនួន ៣៤៥៤ហិកតា។

សម្រាប់ថ្ងៃនេះចំការកៅស៊ូរាប់រយហិកតា របស់ក្រុមហ៊ុន ឫទ្ធីក្រានីត (ខេមបូឌា) ស្ថិតក្នុងឃុំរម្មណីយ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានរៀបចំពិធីបើកមុខចៀយកជ័រជាលើកដំបូង បន្ទាប់ពីបានធ្វើការ ដាំដុះអស់រយៈពេលជិត ៨ឆ្នាំ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីលោកឧកញ៉ា ឡេង ឫទ្ធី នាយកក្រុមហ៊ុន ឫទ្ធីក្រានីត (ខេមបូឌា) និងលោក លោកស្រី តំណាងក្រុមហ៊ុន ជាសមាជិក VRG និងក្រុមហ៊ុនវិនិយោគចំការកៅស៊ូ បុគ្គលិក កម្មករ និយោជិតជាច្រើនរូបទៀត។

លោក ពឹង ទ្រីដា បានថ្លែងថា ក្រុមហ៊ុន ឫទ្ធីក្រានីត (ខេមបូឌា) ត្រូវបានរាជរដ្ឋាភិបាល យល់ព្រមផ្តល់សម្បទានដីសេដ្ឋកិច្ចចំនួន ១៦៤៦ហិកតា សម្រាប់វិនិយោគអភិវឌ្ឍន៍លើវិស័យដាំដុះដំណាំកសិ ឧស្សាហកម្ម រួមមាន៖ ដំណាំកៅស៊ូ អាកាស្យា ស្វាយចន្ទី និងដំណាំបន្ទាប់បន្សំជាច្រើនមុខទៀត។

លោកប្រធានមន្ទីរកសិកម្មខេត្ត បានឲ្យដឹងទៀតថា «ចំពោះដំណាំកៅស៊ូដែលយើងធ្វើពិធីបើកមុខចៀយកជ័រនៅពេលនេះ ចាប់ផ្តើមដាំដុះតាំងពីឆ្នាំ២០១១ មកម្ល៉េះលើផ្ទៃដីចំនួន ១៩៣ហិកតា។ ហើយក្រុមហ៊ុនបើកមុខចៀជ័រលើផ្ទៃដីប្រមាណ ១០%សិន។ ក្រុមហ៊ុននិងរៀបចំពង្រីកបើកមុខចៀជ័របន្ថែមនៅឆ្នាំបន្ទាប់ៗទៀត រហូតដល់ ១០០% នៃផ្ទៃដីដាំកៅស៊ូទាំងអស់ និងអាចស្រូបកម្លាំងពលកម្ម ជូនកម្មករធ្វើការបានប្រមាណ ៤០០នាក់ផងដែរ»

ឯក្រុមហ៊ុនមួយចំនួនទៀត បានដាំដំណាំកសិ ឧស្សាហកម្មដូចជា៖ អំពៅ ពោត សណ្តែក ម្រេច ស្វាយចន្ទី ស្វាយកែវរមៀតជាដើម។ លោកថា តម្លៃជរ័កៅស៊ូគិតជាមធ្យម សម្រាប់ជរ័ស្ងួតតម្លៃប្រមាណ ៣៨០០រៀលក្នុងមួយគីឡូក្រាម ចំណែកជរ័ទឹកតម្លៃ ១៣០០រៀលក្នុងមួយលីត្រ៕