(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា បើតាមការប៉ាន់ស្មានប្រទេសកម្ពុជា មានស្ដ្រីក្រីក្រ ប្រហែលជាង ៦០ម៉ឺននាក់ ក្នុងនោះមានស្ដ្រីក្រីក្រត្រូវឆ្លងទន្លេ មានចន្លោះពី ៥ម៉ឺននាក់ ទៅ ៦ម៉ឺននាក់ ក្នុង១ឆ្នាំៗ។

ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាស ដែលលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោក Somil Nagpal ប្រធានក្រុមផ្នែកសុខាភិបាល នៃធនាគារពិភពលោក នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ រៀបចំធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល។

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានឲ្យដឹងថា កម្មវិធីការផ្ទេរសាច់ប្រាក់ ទៅដល់ស្ដ្រីក្រីក្រ ដែលត្រូវពិនិត្យផ្ទៃពោះ មុនសម្រាល ពេលសម្រាល ក្រោយសម្រាល នឹងត្រូវនាំកូនរបស់គាត់ ដែលត្រូវឆ្លងទន្លេហើយ មកចាក់ថ្នាំបង្ការ។ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឲ្យដំណើរការកម្មវិធីនេះ ចាប់ពីថ្ងៃ០១ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។

លោករដ្ឋមន្ដ្រី បានបន្ថែមថា ក្រសួងសុខាភិបាល នឹងយកចិត្តទុកដាក់ លើកម្មវិធីនេះថា តើស្ដ្រីនោះ មកទទួលសេវាពិនិត្យផ្ទៃពោះ បានទាន់ពេលវេលាឬទេ។ លោកថា ក្រសួងសុខាភិបាល បានប្រើប្រាស់សៀវភៅលឿង ដែលជាសៀវភៅតាមដានទារក និងសៀវភៅពិនិត្យសុខភាពមាតា ដែលត្រូវតាមដាន មុនពេលសម្រាល និងក្រោយពេលសម្រាល។

«កម្មវិធីនេះ គឺជាកម្មវិធីរបស់ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់យកចិត្តទុកដាក់ លើស្ដ្រីក្រីក្រ ដែលមិនមានលទ្ធភាព ក្នុងការទទួលសេវាសុខាភិបាលហើយ គាត់ទទួលបានប្រាក់បន្ថែម ពីរាជរដ្ឋាភិបាលទៀត សម្រាប់ស្ដ្រីក្រីក្រ»។ នេះជាការបញ្ជាក់បន្ថែម របស់លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង។

គូសបញ្ជាក់ថា កិច្ចពិភាក្សាការងារ ខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើតគម្រោងមួយ ស្ដីពី «ការបណ្ដុះបណ្ដាលមុនពេលចូលបម្រើការងារ ចំពោះមន្ដ្រីរាជការ»។ គម្រោងថ្មីនេះ គឺជាគម្រោងថ្មី ដែលឧបត្ថម្ភគាំទ្រ ពីធនាគារពិភពលោក និងជាដៃគូជាមួយក្រសួងសុខភិបាល ដោយមានការចូលរួមថវិកា ពីរដ្ឋាភិបាលអូស្ដ្រាលី និងខាងសហរដ្ឋអាមេរិក។

គម្រោងនេះ កន្លងមកសហរដ្ឋអាមេរិក បានជួយសម្រាប់សាលាភូមិភាគចំនួន២។ គម្រោងថ្មីនេះ នឹងផ្ដោសទៅលើការ ជួយផ្នែកបណ្ដុះបណ្ដាល របស់ក្រសួងសុខាភិបាល ដែលមាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ជាដៃគូគ្រប់គ្រងគម្រោង ជាមួយនិងសកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល។

បើតាមរដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាល នឹងពង្រឹកគម្រោងនេះ ជួយគាំទ្រទៅដល់សាលាបណ្ដុះបណ្ដាលភូមិភាគ ដែលមានចំនួន៥ រួមមាន៖ ភ្នំពេញ បាត់ដំបង កំពត កំពង់ចាម និងស្ទឹងត្រែង។ សាលាភូមិភាគទាំង៥នេះ នឹងត្រូវជួយឧបត្ថម្ភគាំទ្រ ពីគម្រោងនេះ។

លោករដ្ឋមន្ដ្រី បានបន្ដថា ចំពោះថវិកាគម្រោងនេះ មិនទាន់បង្ហាញនៅឡើយទេ ដោយសារតែនេះ ជាការចាប់ផ្ដើមដំបូង។ ធនាគារពិភពលោក នឹងមកជួបជាលើកទី២ទៀត បន្ទាប់ពីខែ៦នេះ ខាងធនាគារពិភពលោក នឹងមកសិក្សាជាមួយនឹងក្រសួងសុខាភិបាល ដើម្បីរៀបចំតាក់តែងគម្រោងនេះ ថាតើគម្រោងនេះ គ្រប់ដណ្ដប់ទៅលើកម្មវិធីអ្វីខ្លះ សម្រាប់ការបណ្ដុះបណ្ដាល។

ក្នុងគម្រោងនេះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ចង់ឲ្យមានគុណភាព ក្នុងការបណ្ដុះបណ្ដាល និងចង់បានជំនាញផ្នែកបណ្ដុះបណ្ដាល មន្ទីរពិសោធន៍ ពីព្រោះថា ក្រសួងសុខាភិបាល សង្កត់ធ្ងន់ លើផ្នែកពិសោធន៍ និងចង់ឲ្យផ្នែកមន្ទីរពិសោធន៍រឹងមាំ ក្នុងការអនុវត្ដជំនាញ៕