(ភ្នំពេញ)៖ ខ្សែភាពយន្តរឿង John Wick 3 ដែលជាខ្សែភាពយន្តដ៏ល្បីល្បាញ ក្នុងចំណោមខ្សែភាពយន្ត ដែលល្បីៗនៅទូទាំងពិភពលោក បានចាប់ផ្តើមបើកសម្ពោធចាក់បញ្ជាំងវគ្គទី៣ ជាផ្លូវការហើយ នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅរោងភាពយន្ត Major Cineplex by Smart នៅផ្សារទំនើបអ៊ីអនម៉ល។

ភាពយន្តរឿង John Wick 3 នេះ កាលពីវគ្គទី១ និងវគ្គទី២ ទទួលបានកាគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិជន ដែលនិយមទស្សនារឿង ប្រភេទឈុតឆាតប្រយុទ្ធដ៏ព្រឺព្រួច ហើយវគ្គទី៣នេះ គឺជាវគ្គដែលបានរៀបចំខ្លួនរួចជាស្រេចសម្រាប់ធ្វើសង្គ្រាម។

លោកស្រី karen Castaneda អ្នកគ្រប់គ្រងទូទៅរោងភាពយន្ត Mejor Cineplex បានបញ្ជាក់ថារឿង John Wick 3 នឹងមានការចាក់បញ្ជាំងជាសារធារណៈ សម្រាប់ប្រិយមិត្តទស្សនាមាន ទាំង 2D 4DX និង IMAX។ រឿងនេះនឹងធ្វើឱ្យអ្នកទស្សនា ទទួលបានភាពរំជើបរំជួល ទៅតាមសាច់រឿង ឈុតឆាកប្រយុទ្ធ និងលក្ខណៈពិសេសបច្ចេកទេសថ្មីដែលរោងភាពយន្ត Major Cineplex by Smart បានផ្តល់ជូន។ ដូចនេះអ្នកទស្សនាទាំងអស់នឹងទទួលបានបទពិសោធន៍ ដូចនៅក្នុងរឿងពិតៗ តែម្តង ជាមួយនឹងឈុតឆាតប្រយុទ្ធស្ទើរគ្រប់ឈុត។

លោកស្រីបានបញ្ជាក់ថា សម្រាប់អតិថិជន Smart VIP ទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃ ៥០ភាគរយ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះផងដែរ នៅគ្រប់សាខារោងភាពយន្ត Major Cineplex by Smart៕