(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមប្រជុំពិភាក្សា អំពីគំរោងគាំទ្រការដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជា ជាមួយតំណាងក្រុមហ៊ុនបោះដុំ-លក់ បន្លែសុវត្ថិភាពប្រមាណជាង១០ក្រុមហ៊ុន ប្រចាំនៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅធនាគារអភិវឌ្ឍន៍ជនបទ រាជធានីភ្នំពេញ។

ដោយគិតគូពីសុខមាលភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់បន្លែសុវត្ថភាព និងដើម្បីកាត់បន្ថយជាបន្តើរៗ ការប្រើប្រាស់បន្លែគីមី និងគ្មានគុណភាព ដែលនាំចូលដោយគ្មានប្រភពច្បាស់លាស់ លោក កៅ ថាច បានរៀបចំកិច្ចប្រជុំជាមួយបណ្តាក្រុមហ៊ុន ទទួលទិញបន្លែសុវត្ថិភាព ក្នុងគោលបំណង ដើម្បីពិភាក្សារិះរកវិធានការរួម ក្នុងការលើកកំពស់ការប្រើប្រាស់បន្លែសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

លោក កៅ ថាច បានជម្រាបជូនអង្គប្រជុំថា ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងនាមជាធនាគាររដ្ឋបំរើ ឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល បានត្រៀមរួចជាស្រេចនូវកញ្ចប់ឥណទាន ក៏ដូចជាក្រុមការងារបច្ចេកទេស ដើម្បីធ្វើការសហការជាមួយសហគមន៍អ្នកផលិត និងក្រុមហ៊ុនអ្នកទទួលទិញ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺបញ្ហាទីផ្សារ ទន្ទឹមនឹងការផលិតបន្លែសុវត្ថិភាពមិនស្របតាមស្តង់ដារ ដែលជាហេតុធ្វើឲ្យការប្រគួតប្រជែង លើទីផ្សារមិនសូវទទួលបានលទ្ធផលល្អ។

អាស្រ័យហេតុនេះ លោក កៅ ថាច ស្នើសុំឲ្យអង្គប្រជុំ ដែលជាភាគីអ្នកទិញបន្លែសុវត្ថិភាព ជួយទំលាក់ធាតុចូលសំខាន់ៗ ដើម្បីគាំទ្រគំរោងការប្រើប្រាស់បន្លែសុវត្ថិភាពផលិតដោយកូនខ្មែរ ដែរការណ៍នេះ នឹងនាំឲ្យប្រជាកសិករខ្មែរចំនេញ ព្រមទាំងជួយលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទផងដែរ។

ក្នុងកិច្ចប្រជុំនោះ អង្គប្រជុំបានសម្រេចបង្កើតក្រុមការងារមួយឡើង ដោយមានតំណាងពីធនាគារអភិវឌ្ឍន៍ជនបទ ក្រុមហ៊ុនទិញ-លក់បន្លែសុវត្ថិភាព ដើម្បីធ្វើការសិក្សារួមគ្នាលើបញ្ហាទីផ្សារបន្លែ និងយន្តការណ៍គន្លឹះសំខាន់ៗ ដើម្បីអភិវឌ្ឍន៍ការដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់៕