(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានយកសាលក្រមផ្តន្ទាទោស លោក សម រង្ស៉ី ចំនួន២ ទៅបិទនៅផ្ទះរបស់ សម រង្ស៊ី ក្នុងខណ្ឌមានជ័យ។ សាលក្រមទាំង២នេះបានកាត់ទោលលោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារសរុប៨ឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀលចូលជាថវិកាជាតិ។
ករណីទាំង២នេះ រួមមានទី១- ជំនុំជម្រះលើបទចោទ ញុះញង់ឱ្យកងទ័ព កុំស្តាប់បញ្ជារាជរដ្ឋាភិបាលស្របច្បាប់ ដែលតុលាការបានកាត់ទោស លោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ និងពិន័យប្រាក់១០លានរៀល និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ កាត់ទោសលោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ និងពិន័យប្រាក់១០លានរៀលដូចគ្នា។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ កងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី ញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់រាជរដ្ឋាភិបាលស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត។
ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឲ្យកងទ័ពបង្វែកាណុងមកលើរាជរដ្ឋាភិបាល ហើយបង្គាប់ឲ្យកងទ័ព ឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ៕