(ស្វាយរៀង)៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានចុះបង្ក្រាប និងចាប់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ចំនួន ០៨នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួន នៅស្រុកស្វាយជ្រំ ខណៈសមត្ថកិច្ចវៀតណាម ក៏បានចាប់ឧក្រិដ្ឋជនជាជនជាតិវៀតណាមម្នាក់ រួមទាំងវត្ថុតាងជាគ្រឿងញៀនចំនួន ៦៣គីឡូក្រាម នៅប៉ុស្តិ៍ព្រំដែនវៀតណាម។
សមត្ថកិច្ចបានសន្និដ្ឋានថា ក្រុមឧក្រិដ្ឋជន បានសហការគ្នាដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តស្វាយរៀង ឆ្ពោះទៅប្រទេសវៀតណាម សរុបក្រុមនេះមានថ្នាំញៀនចំនួន ៦៣,៦គីឡូក្រាម។
បើតាមសមត្ថកិច្ចការពារព្រំដែន បានបង្ហើបឲ្យដឹងថា ក្រុមឧក្រិដ្ឋជនមាន ២សញ្ជាតិ គឺខ្មែរ និងវៀតណាម។ ក្រុមឧក្រិដ្ឋជននៅកម្ពុជា បានដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងកាត់ស្រុកស្វាយជ្រំ ឆ្ពោះទៅប្រទេសវៀតណាម តាមព្រំដែនឃុំគ្រួស ស្រុកស្វាយជ្រំ ទៅឲ្យពួកឧក្រិដ្ឋជនជាជនជាតិវៀតណាម នៅចំណុចភូមិចូវម៉ាយ ឃុំទៀងប៊ិញ ស្រុកវិញហ៊ឹង ខេត្តឡុងអាន ប្រទេសវៀតណាម។
តាមការសារភាពរបស់ក្រុមឧក្រិដ្ឋជន ពួកគេបានជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ យកទៅឲ្យភាគីវៀតណាម។
ដោយមានការសង្ស័យ សមត្ថកិច្ចវៀតណាម បានស៊ើបអង្កេតជនសង្ស័យជាជនជាតិវៀតណាម ដែលបានយករថយន្ត១គ្រឿង ម៉ាកធូរីស មកចតនៅក្នុងភូមិកើតហេតុខាងលើ រួចក៏ឃ្លាំមើលរហូតដល់ម៉ោង១០៖១៥នាទី ព្រឹកថ្ងៃទី១២ ខែឧសភា សមត្ថកិច្ចវៀតណាមប៉ុស្តិ៍ទាហានវរការពារព្រំដែនទៀងប៊ិញ បានចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ដោយដកហូតរថយន្ត១គ្រឿង យកមកពិនិត្យឆែកឆេរកឃើញគ្រឿងញៀន។
ពេលនោះខាងវៀតណាម ក៏បានទាក់ទងនគបាលវរការពារព្រំដែនអន្តរជាតិព្រៃវល្ល័ និងមន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ចូលរួមពិនិត្យ ដកហូតបានគ្រឿងញៀន ០៣ប្រភេទ រួមមាន៖ ហេរ៉ូអ៊ីន ហ្វេតំតាមីន និងកេតាមីន សរុប ៦៣គីឡូក្រាម។
ក្រោយពីសួរចម្លើយ ជនសង្ស័យជនជាតិវៀតណាម បានសារភាព ពួកគេទទួលពីក្រុមជនសង្ស័យជាជនជាតិខ្មែរ។ រហូតដល់ថ្ងៃទី១៣ ខែឧសភា សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្ត សហការជាមួយនគបាលស្រុកស្វាយជ្រំ ចុះបង្ក្រាបចាប់ខ្លួនបានជនសង្ស័យ៦នាក់ រួមទាំងវត្ថុតាងគ្រឿងញៀន ហ្វេតំតាមីនចំនួន ០៦ខាំ និងបន្តចាប់ខ្លួនជនសង្ស័យ បាន២នាក់ទៀត នៅថ្ងៃទី១៤ ខែឧសភា។ ដោយឡែកមេក្លោងជួញដូរគ្រឿងញៀនម្នាក់ទៀតពុំទាន់ចាប់ខ្លួនបាននៅឡើយ។
នៅព្រឹកថ្ងៃទី១៨ ខែឧសភា សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៨នាក់ រួមទាំងវត្ថុតាងទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធី។
ចំណែកភាគីវៀតណាម ក៏បានកសាងសំណុំរឿងបញ្ជូនឧក្រិដ្ឋជនម្នាក់ទៅតុលាការដែរ រួមទាំងវត្ថុតាងគ្រឿងញៀនចំនួន ៦៣គីឡូក្រាម និងរថយន្តមួយគ្រឿង។ សមត្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា ភាគីវៀតណាមបានស្នើសុំនាំខ្លួនឧក្រិដ្ឋជនជាជនជាតិខ្មែរម្នាក់ ក្នុងចំណោម០៨នាក់ ទៅប្រទេសវៀតណាម ដែលភាគីវៀតណាមបានប្រាប់ថា ជាឧក្រិដ្ឋជនម្នាក់ដែលសង្ស័យថា ជាមេក្លោងនាំគ្រឿងញៀនចូលប្រទេសវៀតណាមរាប់សិបតោនឯណោះ តែតាមចាប់មិនបាន ក៏ប៉ុន្តែភាគីកម្ពុជាមិនប្រគល់ទៅឲ្យភាគីវៀតណាមនោះឡើយ ដោយធ្វើការកាត់ទោសដោយតុលាការរបស់ខ្លួន៕