(ភ្នំពេញ)៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ បានជួបពិភាក្សាការងារជាមួយ លោក Vlafimir Goshin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា។ កិច្ចពិភាក្សានេះ បានរៀបចំធ្វើឡើង នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។
គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាស្វែងយល់ ពីសេដ្ឋកិច្ចនៅប្រទេសកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយក្នុងនោះ លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា លោកនឹងដឹកនាំ គណៈប្រតិភូប្រទេសបេឡារុស មកប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់ ពីបរិយាកាសសេដ្ឋកិច្ចដោយផ្ទាល់ ឲ្យបានកាន់តែច្បាស់លាស់។
ជាកិច្ចឆ្លើយតប លោកឧកញ៉ា លឹម ហេង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការ លើកឡើងរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការដឹកនាំធុរជនប្រទេសបេឡារុស មកកាន់ប្រទេសកម្ពុជា។
លោកឧកញ៉ា ក៏បានលើកទឹកចិត្ត ឲ្យប្រទេសបេឡារុស វិនិយោគទៅលើវិស័យកសិកម្ម ដូចជាការដាំដុះ និងការបង្កើតរោងចក្រនៅប្រទេសកម្ពុជា និងវិស័យទេសចរណ៍ ដែលមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតផងដែរ ដែលសុទ្ធតែជាវិស័យមានសក្តានុពលនៅប្រទេសកម្ពុជា៕