(ភ្នំពេញ)៖ ទីបំផុត ! តុលាការកំពូល នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ បានចេញសាលដីកាសម្រេចផ្តន្ទាទោស លោក អឿត អាង ហៅ ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិតដដែល ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គម។
ការប្រកាសសាលដីកានេះ ធ្វើឡើងបន្ទាប់ពី តុលាការកំពូល កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ បានបើកសវនាការលើបណ្តឹងសារទុក្ខរបស់ លោក អឿត អាង ហៅ ជួប សម្លាប់ ពាក់ព័ន្ធនឹងឃាតកម្ម សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម កាលពី៣ឆ្នាំមុន។
អ្នកនាំពាក្យតុលាការកំពូល លោក នៅ មុនីជោត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែឧសភានេះថា តុលាការកំពូលបានចេញសាលដីកាស្ថាពរមួយ ដោយសម្រេចតម្កលសាលដីការបស់ សាលាឧទ្ធរណ៍ ចំពោះសំណុំរឿង អឿត អាង ហៅ ជួប សម្លាប់ ដោយផ្តន្ទាទោសឱ្យជនជាប់ចោទនេះ ជាប់ពន្ធនាគារអស់មួយជីវិត។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីមួយ នៅក្នុងប្រទេសកម្ពុជា ត្រូវបានឃាតកចូលបាញ់សម្លាប់ កាលពីវេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦ នៅចំណុចក្នុងទីតាំងស្តារម៉ាតនៃស្ថានីយប្រេងឥន្ធនៈ កាល់តិចបូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និង មហាវិថី ម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ភ្លាមៗបន្ទាប់ពីមានឃាតកម្មនេះ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានដេញចាប់ប្រផាប់ប្រភីងដោយឃាត់ខ្លួនបាន ជនដៃដល់ម្នាក់ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលព្យាយាមរត់គេខ្លួន ចេញពីកន្លែងកើតហេតុ។ ក្រោយពីចាប់ខ្លួនលោក អឿត អាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៧ កាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទពីបទ «ឃាតកម្មគិតទុកជាមុន និងការកាន់កាប់អាវុធខុសច្បាប់» ហើយត្រូវសាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេចតាមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ផងដែរ៕