(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយពីបានអញ្ជើញទៅចូលរួមសន្និបាតប្រចាំឆ្នាំ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅទីក្រុងបាងកក ប្រទេសថៃ នាព្រឹកថ្ងៃច័ន្ទនេះ។
ដំណើរអញ្ជើញទៅចូលរួមសន្និបាតប្រចាំឆ្នាំ UN-ESCAP របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ UN-ESCAP។
នៅក្នុងសន្និបាតនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចែករំលែកបទសោធន៍ដ៏សំខាន់ដល់អង្គសន្និបាត UN-ESCAP អំពីជោគជ័យដ៏ធំធេងបំផុតរបស់កម្ពុជា ក្នុងការបញ្ចប់សង្រ្គាមស៊ីវិល តាមរយៈគោលនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចផ្ទាល់។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា អត្រាភាពក្រីក្រនៅកម្ពុជា បន្តធ្លាក់ចុះជាលំដាប់ពី៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម១៣.៥% ក្នុងឆ្នាំ២០១៤ ហើយត្រូវបានប៉ាន់ស្មានថា ស្ថិតនៅក្នុងរង្វង់១០% នាពេលបច្ចុប្បន្ន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់អង្គសន្និបាតទាំងមូល អំពីការរីកចម្រើនយ៉ាងលឿន របស់សេដ្ឋកិច្ចប្រទេសកម្ពុជា ដែលជាង២០ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់៧.៧ភាគរយ។
សន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ ធ្វើឡើងក្រោមប្រធានបទ «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។
គោលបំណងដ៏ចម្បងនៃសន្និបាតនេះ គឺដើម្បីពិនិត្យនិងអនុម័តលើរបាយការណ៍ការារដែល UN-ESCAP និងរដ្ឋជាសមាជិកបានអនុវត្តក្នុងឆ្នាំ២០១៨ និងអនុម័តលើផែនការ ព្រមទាំងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗទៀត ដែលបានស្នើឡើងដោយ UN-ESCAP និងរដ្ឋជាសមាជិកសម្រាប់ឆ្នាំ២០១៩។ របាយការណ៍ និងផែនការសកម្មភាពទាំងនោះនឹងដាក់ជូន ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិ (ECOSOC) និងអង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៅក្នុងអំឡុងខែកញ្ញា នៅបូរីញូយ៉ក៕