(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ លីនណា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ស្ត្រីជាម្តាយក្មេក និងកូនស្រី ដែលបានរួមគ្នាចាក់សម្លាប់បុរសជាកូនប្រសារ និងជាប្តី ឈ្មោះថា គឹម យ៉ត កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។
យោងតាមដីកាដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៨ ខែឧសភានេះ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ គង់ ធីតា (ជាម្តាយ) និងឈ្មោះ ង៉ូយ សុម៉ារី (ជាកូនស្រី) ត្រូវចៅក្រោមសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យចំពោះបទល្មើស ឃាតកម្ម នៃក្រមព្រហ្មទណ្ឌ មាត្រា១៩៩ ។ ជនសង្ស័យទាំងពីរ បានប្រព្រឹត្តបទល្មើសនេះ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌចែងថា «អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ទោសណាមួយ ដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ ជាឃាតកម្ម។ ឃាតកម្ម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ»។
កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នគបាលខណ្ឌសែនសុខ បានបញ្ជូនខ្លួនម្តាយ និងកូនស្រីទាំងពីរ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមច្បាប់ ក្រោយអ្នកទាំង២ បានសារភាពទោសកំហុស។ លើករណីនេះដែរ លោកវរសេនីយឯក ហូ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានឲ្យអ្នកយកព័ត៌មានអង្គភាព Fresh News ដឹងថា ក្រោយបានដំណឹងពីករណីមនុស្សឃាតនេះ សមត្ថកិច្ចរបស់លោកបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងកំណត់ត្រាសំណុំឯកសារភ្លាមៗ ក្រោមកិច្ចសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងដើមចមនៃអពើឃាតកម្មនេះ សមត្ថកិច្ចបានឱ្យដឹងទៀតថា ម្តាយនិងកូនស្រីបានសម្លាប់បុរសជាប្តី និងជាកូនប្រសារ គឺដំបូងបានកាប់ រួចហើយយកខ្សែភ្លើង និងស្កុតមកចងដៃជើង បន្ទាប់មកយកកាំបិតមកចាក់សម្លាប់បន្ថែម ព្រោះតែខ្លាចជនរងគ្រោះតដៃពួកគេវិញ។ ក្រោយធ្វើសកម្មភាពរួចរាល់ហើយនោះ ក៏បាននាំគ្នាមកចូលមកសារភាពតែម្តង ដូច្នេះទើបជនដៃដល់ទាំង២នាក់ (ម្តាយនិងកូនស្រី) ត្រូវបាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួននាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។
សមត្ថកិច្ចបញ្ជាក់ថា ឃាតកទាំង២នាក់នោះឈ្មោះ គង់ ធីតា អាយុ៤៩ឆ្នាំ (ជាម្តាយ) មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ២៣J ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងឈ្មោះ ង៉ូយ សុម៉ារី អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុលើផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ដោយឡែកជនរងគ្រោះជាប្តីបានស្លាប់ មានឈ្មោះ គឹម យ៉ត អាយុ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ។
បើតាមការសារភាពពីឃាតកទាំង២ នៅចំពោះមុខសមត្ថកិច្ចថា ឃាតកម្មនេះផ្តើមចេញពីទំនាស់រឿងលុយ រហូតឈានដល់រួមគំនិតគ្នា សម្លាប់តែម្តង។ តាមការសារភាពឲ្យដឹងទៀតថា ប្តីប្រពន្ធនេះបានរៀបការគ្នា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩កន្លងមក ហើយបាននាំគ្នាមកជួលផ្ទះកើតហេតុស្នាក់នៅ។
លុះនៅម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នារីប្រពន្ធឈ្មោះ ង៉ូយ សុម៉ារី បានសុំលុយប្តី១ម៉ឺនរៀល ហើយប្តីមិនព្រមឲ្យ ក៏មានទំនាស់សម្តីបែកផ្សែង។ ខណៈនោះប្តីក៏បានប្រើហិង្សាចាប់ច្របាច់.កប្រពន្ធ (នារីដៃដល់)។
ពេលនោះនាងបានស្រែកហៅ ឱ្យម្តាយមកជួយ។ ភ្លាមៗនោះម្តាយឈ្មោះ គឹម ធីតា បានទាញកាំបិតបុ័ងតោ មកកាប់លើបុរសជាកូនប្រសារចំកញ្ចឹងក បណ្តាលឱ្យដួល។ ដោយសារតែខ្លាចតដៃ ប្រពន្ធឈ្មោះ ង៉ូយ សុម៉ារី បានយកខ្សែភ្លើង និងស្កុតចងរុំដៃ និងជើងរួច យកកូនកាំបិតចាក់២កាំបិត ថែមលើប្តីស្លាប់តែម្តង។
បន្ទាប់ពីរួមគំនិតគ្នាកាប់ និងចាក់សម្លាប់ហើយ ក៏បានចាក់សោផ្ទះ ហើយនាំទៅប្រាប់ឪពុកដែលជានគរបាល នាំខ្លួនពួកគេមកសារភាពតែម្តង។ កន្លងមកបន្ទាប់ពីរៀបការរួច ២នាក់ប្តីប្រពន្ធតែងមានទំនាស់គ្នាញឹកញយណាស់ ដែលភាគច្រើនគឺរឿងប្រចណ្ឌ។ ខណៈប្រពន្ធសុំប្តីទៅចុះសំបុត្រអាពាហ៍ពិហាហ៍ តែប្តីមិនព្រមទៅ ហើយចេះតែគេចថា ចាំ២ឆ្នាំទៀតសិនទើបរឿងរ៉ាវនេះ កើតជាគំនុំរហូតកើតនូវហិង្សាឃាតកម្មនេះតែម្តង៕