(ភ្នំពេញ)៖ ហេតុការណ៍រន្ធត់បុរសម្នាក់ត្រូវគេវាយនឹងដែកបំពង់ទីប បណ្ដាលបែកក្បាលរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាមនោះ, ជនដៃដល់កំពុងតែរត់គេច ខ្លួន ហើយសមត្ថកិច្ចក៏កំពុងតែស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ខណៈអំពើហិង្សានេះ ផ្ដើមចេញដោយសារជនបង្កប្រចណ្ឌប្រពន្ធ ជាមួយជនរងគ្រោះ។

ហេតុការណ៍អំពើហិង្សាដ៏សាហាវមួយនេះ កើតឡើងនៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចហាងល្អពេញចិត្ត ផ្ដិត និងថតរូប ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផុន សាលីន អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកហាង ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវ២៨៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រងរបួសផ្នែកក្បាលធ្ងន់ធ្ងរ (ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅវៀតណាម)។ ដោយឡែកជនដៃដល់ ឈ្មោះ ឈុន ឌឹម អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវ២៨៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន (រត់គេចខ្លួន)។

កញ្ញា អ៊ឹម ស្រីកែវ អាយុ២៤ឆ្នាំ មុខរបរនៅហាងខាងលើ ហើយត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនដៃដល់បានប្រើបំពុងទីបវាយលើបងប្រុសថ្លៃរបស់ខ្លួន នៅកន្លែងធ្វើការល្អពេញចិត្តផ្តិតរូប បណ្តាលឲ្យរងបួសយ៉ាងធ្ងន់ធ្ងរ និងបានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត តែស្ថានភាពធ្ងន់ធ្ងន់ផ្នែកក្បាល ហើយក្រុមគ្រួសារសម្រេចបញ្ជូលទៅប្រទេសវៀតណាម ប៉ុន្តែបានពាក់កណ្តាលផ្លូវ។

ជនសង្ស័យដែលប្រើបំពង់ទីបវាយមកលើបងប្រុសថ្លៃគាត់នេះ កើតចេញពីការប្រចណ្ឌជនរងគ្រោះ ជាមួយប្រពន្ធជនល្មើស ដែលធ្វើការនៅហាងផ្តិតរូបជាមួយគ្នា ដែលប្រពន្ធជនល្មើសលេងសើច ជាមួយជនរងគ្រោះយ៉ាងមានភាពស្និតស្នាល តែប្រពន្ធជនបង្ក។ ប៉ុន្ដែនៅថ្ងៃកើតហេតុនេះ ប្រពន្ធរបស់ជនបង្កមិននៅនោះទេ ពោលគាត់បានទៅស្រុកកំណើត ដោយសារឈ្លោះគ្នាជាមួយជនបង្ក។

យ៉ាងណាក៏ដោយ សម្រាប់ករណីនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួនជនដៃដល់ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ជនដៃដល់ដែលកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួន

ជនរងគ្រោះ