(តូក្យូ-ជប៉ុន)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសចូលរួមក្នុងសិក្ខាសាលា ស្ដីពីវិនិយោគនៅកម្ពុជា, សម្តេចបានអំពាវនាដល់វិនិយោគិនជប៉ុន ឲ្យមករកស៊ីនៅកម្ពុជាឲ្យកាន់តែច្រើន ហើយសម្តេចជាអ្នកធានាជូនវិនិយោគិនគ្រប់រូបនូវបរិស្ថាន ប្រកបដោយភាពអំណោយផល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការកោតសរសើរចំពោះវិនិយោគជប៉ុននៅកម្ពុជាថា ជាសុទ្ធសឹងតែជាការវិនិយោគប្រកបដោយគុណភាព ផ្ដល់តម្លៃបន្ថែមខ្ពស់ និងផ្ដល់បរិស្ថានការងារ និងបរិស្ថានរស់នៅល្អប្រសើរ ជូនដល់កូនក្មួយកម្មករ និយោជិតកម្ពុជា ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសការងារសមរម្យ ការរក្សាកំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ធុរជន និងអ្នកវិនិយោគជប៉ុន ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងធុរជន និងអ្នកវិនិយោគមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគី រវាងកម្ពុជា និងជប៉ុន»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថាន ប្រកបដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។ រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់កិច្ចសម្របសម្រួលរាល់នីតិវិធីរដ្ឋបាល និងនឹងអមដំណើរនៅតាមគ្រប់ដំណាក់កាល នៃប្រតិបត្តិការវិនិយោគ របស់លោកអ្នកនៅកម្ពុជា»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរ កម្ពុជា-ជប៉ុន កំពុងស្ថិតក្នុងដំណើរការ នៃការចរចាលើកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល។ សម្តេចសង្ឃឹមថា ប្រទេសទាំងពីរ នឹងអាចបញ្ចប់ការចរចាកិច្ចព្រមព្រៀងនេះ ឱ្យបានឆាប់រហ័សនាពេលខាងមុខ។ កិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នាទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹង និងទាក់ទាញការវិនិយោគ ព្រមទាំងគាំទ្រដល់សកម្មភាពវិនិយោគជប៉ុននៅកម្ពុជា។

សម្តេចតេជោបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា យល់ច្បាស់ពីសេចក្តីត្រូវការរបស់អ្នកវិនិយោគ ហើយវាពុំមែនជាការចៃដន្យនោះទេ នៅពេលដែលមានការកើនឡើង នៃលំហូរវិនិយោគជប៉ុនមកកម្ពុជា។ កត្តាសំខាន់ៗ ដូចជាស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបើកចំហសេដ្ឋកិច្ច សម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស និងកិច្ចសហប្រតិបតិ្តការល្អរវាងរដ្ឋាភិបាលកម្ពុជា-ជប៉ុន សុទ្ធសឹងជាកត្តាមិនអាចខ្វះ បានក្នុងការជួយជំរុញឱ្យអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុននៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន សង្កេតឃើញថា ការបណ្តាក់ទុនរបស់ក្រុមហ៊ុនជប៉ុនធំៗ បានទាក់ទាញក្រុមហ៊ុនជប៉ុនតូច ធំផ្សេងៗទៀត ដែលប្រតិបតិ្តការក្នុងវិស័យគាំទ្រផ្សេងៗឱ្យចាប់អារម្មណ៍ និងសម្រេចចិត្តធ្វើធុរកិច្ចនៅកម្ពុជាលើវិស័យនានា។

សម្តេចមានសេចក្តីត្រេកអរក្រៃលែង ដោយបានសង្កេតឃើញថា បន្ទាប់ពីបានធ្វើប្រតិបតិ្តការមួយរយៈមក គម្រោងវិនិយោគជប៉ុនជាច្រើនបានពង្រីកសកម្មភាពរបស់ខ្លួននៅកម្ពុជា ជាក់ស្តែងដូចជា គម្រោងពង្រីកផលិតកម្មរបស់ក្រុមហ៊ុន មីនេបៀមីតស៊ូមី, គម្រោងផ្សារទំនើប អ៊ីអនម៉ល, និងមន្ទីរពេទ្យសាន់រ៉ៃ ជាដើម។ ការសម្រេចចិត្តបណ្តាក់ទុន និងបន្តពង្រីកខ្លួនរបស់ក្រុមហ៊ុនជប៉ុនទាំងនេះ សបញ្ជាក់ពីជំនឿទុកចិត្តដ៏រឹងមាំរបស់អ្នកវិនិយោគជប៉ុន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសក្ដានុពលនៃកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៀតថា សកម្មភាពធុរកិច្ច និងវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា សុទ្ធសឹងតែជាការវិនិយោគប្រកបដោយគុណភាព ផ្ដល់តម្លៃបន្ថែមខ្ពស់ និងផ្ដល់បរិស្ថានការងារនិងបរិស្ថានរស់នៅល្អប្រសើរ ជូនដល់កូនក្មួយកម្មករ និយោជិតកម្ពុជា ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសការងារសមរម្យ ការរក្សាកំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មកម្ពុជា។

សម្តេចតេជោចាត់ទុកការវិនិយោគរបស់ជប៉ុន មិនត្រឹមតែនាំមកនូវប្រាក់ចំណេញ ដល់អ្នកវិនិយោគប៉ុណ្ណោះទេ តែថែមទាំងចូលរួមចំណែកដល់ការរក្សាស្ថិរភាព យូរអង្វែងនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ ក្នុងគ្រប់បរិការណ៍នៃដំណើរអភិវឌ្ឍន៍ ឧស្សាហកម្មរបស់ខ្លួន កម្ពុជាពិតជាត្រូវការការវិនិយោគជប៉ុនបន្ថែម កាន់តែច្រើនទៀតលើគ្រប់វិស័យ ពិសេសការកែច្នៃម្ហូបអាហារដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក អេកូទេសចរណ៍ ឧស្សាហកម្មតភ្ជាប់ខ្សែចង្វាក់ផលិតកម្មក្នុងស្រុកនិងតំបន់ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ធនធានមនុស្សសម្រាប់វិស័យឧស្សាហកម្ម ជាដើម។

ជាមួយនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃ របស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេស អ្នកវិនិយោគជប៉ុនដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មរបស់ខ្លួន៕