(ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រយៈពេល២៥ឆ្នាំមកនេះ ពោលគិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩នេះ ជប៉ុនបានវិនិយោគផ្ទាល់នៅកម្ពុជា ចំនួន១៣៧គម្រោង ដែលសរុបជាទឹកប្រាក់មានចំនួនប្រមាណ ២.៥ពាន់លានដុល្លារអាមេរិក។
ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងសិក្ខាសាលា ស្ដីពីវិនិយោគនៅកម្ពុជា ដែលរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុន ផ្អែកតាមការកត់ត្រារបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគរបស់ ក្រុមហ៊ុនជប៉ុន ចំនួន១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២.៥ពាន់លានដុល្លារអាមេរិក ដែលផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិកត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប»។
ក្រៅពីគម្រោងវិនិយោគ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើ ក៏មានវត្តមាននៃសកម្មភាពធុរកិច្ចជប៉ុនទាំងធំ ទាំងតូចចំនួនប្រមាណ១,៧០០ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យជាច្រើន ដូចជាវិស័យធនាគារ អាកាសចរណ៍ ភោជនីយដ្ឋាន ជាដើម។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «ចំពោះវិស័យធនាគារ បច្ចុប្បន្នមានធនាគារ ដែលមានភាគហ៊ុនជប៉ុនចំនួន៦ កំពុងមានប្រតិបត្តិការនៅកម្ពុជា ក្នុងនោះធនាគារមីហ្ស៊ូហូជាធនាគារជប៉ុនលំដាប់អន្តរជាតិដំបូងគេបង្អស់ ដែលបានទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជ នៅកម្ពុជាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧»។
សម្តេចបានបន្ថែមថា៖ ចំណែកវិស័យទេសចរណ៍ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជាបានស្វា គមន៍ភ្ញៀវទេសចរជប៉ុន ប្រមាណជាង៦ម៉ឺននាក់ ដែលតួលេខនេះ មានការកើនឡើងប្រមាណ២% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨។ កំណើននៃប្រជាជនកម្ពុជាមកប្រទេសជប៉ុន ក៏មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ នេះបើយោងតាមព័ត៌មានដែលយើងទទួលបាន ពីស្ថានទូតជប៉ុនប្រចាំកម្ពុជា គឺបើធៀបនឹងឆ្នាំ២០១៧ នៅឆ្នាំ២០១៨ កន្លងទៅ កំណើននៃការផ្តល់ទិដ្ឋាការដល់ប្រជាជនកម្ពុជា មានការកើនឡើងប្រមាណ៣៤%។
កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងប្រទេសទាំងពីរ មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣។ កាលពីឆ្នាំ២០១៨ កម្ពុជា និង ជប៉ុន បានប្រារព្ធខួប៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតយ៉ាងអធិកអធម ដោយមានការផ្លាស់ប្តូរសារអបអរសាទររវាងនាយករដ្ឋមន្ត្រី ពិធីជប់លៀង និងកម្មវិធីវប្បធម៌ផងដែរ។
ឆ្នាំ២០១៦ ការវិនិយោគទុនជប៉ុននៅកម្ពុជាមានចំនួន ៨២២លានដុល្លារ, ឆ្នាំ២០១៧ មានទុនវិនិយោគចំនួន ៦៣លានដុល្លារ និងឆ្នាំ២០១៨ មានទុនវិនិយោគចំនួន ៨៨៣លានដុល្លារ។ គម្រោងវិនិយោគរបស់ជប៉ុន មាននៅតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ មេនហាតធេនបាវិត តាយសេងបាវិត ដ្រេហ្គន់យើងបាវិត កំពង់ផែក្រុងព្រះសីហនុ សានកូប៉ោយប៉ែត និងនាងកុកកោះកុង។
ប្រទេសជប៉ុនជាប្រទេសនាំមុខគេមួយក្នុងការផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម ដោយបានផ្តល់ថវិកាសរុប ៨៥,១២លានដុល្លារអាមេរិក ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៦) ស្មើនឹង ៣២% នៃជំនួយហិរញ្ញវត្ថុអន្តរជាតិ។ ក្នុងនោះ ១៦,៥៤លានដុល្លារអាមេរិក សម្រាប់ភាគីជាតិ និង ៦៨,៥៨លានដុល្លារអាមេរិកសម្រាប់ភាគីអន្តរជាតិ។ ក្នុងឆ្នាំ២០១៧ ជប៉ុនបានផ្តល់ថវិកាចូលរួមបន្ថែមចំនួនប្រមាណ ១,២លានដុល្លារអាមេរិក សម្រាប់ភាគីអន្តរជាតិនៃសាលាក្តីខ្មែរក្រហម៕