(តូក្យូ-ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន ដើម្បីចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ីនោះ, នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចបានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងសិក្ខាសាលា ស្ដីពីវិនិយោគនៅកម្ពុជា រៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងធនាគារមីហ្ស៊ូហូរបស់ប្រទេសជប៉ុន។
ក្នុងសិក្ខាសាលាដែលមានវិនិយោគិនជប៉ុនជាច្រើនរូបចូលរួមនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនអំពីវិធានការដ៏មុតស្រួចថ្មីៗមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញដើម្បីកាត់បន្ថយថ្លៃចំណាយធុរកិច្ច របស់អ្នកវិនិយោគនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ជូនវិនិយោគិនជប៉ុនថា ក្នុងគោលដៅប្រែក្លាយកម្ពុជា ឱ្យក្លាយជាផ្នែកមួយដ៏សំខាន់ នៃខ្សែចង្វាក់ផ្គត់ផ្គង់តំបន់ និងសកល ព្រមទាំងពង្រឹងភាពប្រកួតប្រជែង និងធ្វើឱ្យបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា កាន់តែប្រសើរឡើង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ សម្តេចបានដឹកនាំវេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី១៨ ដែលវេទិកានោះ ផ្ដល់ឱកាសដល់ផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងមានវិធានការសមស្របដើម្បីដោះស្រាយ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា «វេទិការាជរដ្ឋាភិបាល-វិស័យឯកជន ត្រូវបានចាត់ទុកថាជាកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី ហើយរាល់ការសម្រេចក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្រ្តី។ ជាលទ្ធផល រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ មុតស្រួចថ្មីៗមួយចំនួន ដែលចូលរួមកាត់បន្ថយថ្លៃចំណាយធុរកិច្ច របស់អ្នកវិនិយោគសរុបប្រមាណជា ៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សំដៅចូលរួមធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ»។
វិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាលមាន២ផ្នែកធំៗ គឺការធ្វើឱ្យប្រសើរឡើង នូវកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយចំណាយធុរកិច្ច និងក្របខណ្ឌច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា ៖
ក៖ ការធ្វើឱ្យប្រសើរឡើង នូវកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយចំណាយធុរកិច្ច
១៖ ការបញ្ចប់តួនាទីអចិន្ត្រៃយ៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដោយរក្សាទុកតែភ្នាក់ងារគយប៉ុណ្ណោះ ក្នុងការត្រួតពិនិត្យទំនិញនៅតាមច្រកទ្វារអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេស និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងទៀត។
២៖ ការលុបចោលភ្នាក់ងារកម្ពុជានាវាចរ ហៅកាត់ថា កាំសាប។
៣៖ ដូចបានកំណត់ក្នុងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ យើងបានចាប់ផ្តើមបញ្ចុះតម្លៃអគ្គិសនី ជំហានដំបូងចំនួន២សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម ចាប់ពីឆ្នាំ២០១៩នេះតទៅ និងសិក្សាលទ្ធភាពបញ្ចុះថ្លៃ ជាបន្តបន្ទាប់ទៀត។ កន្លងទៅនេះ យើងក៏មានការសោកស្តាយ ចំពោះការរអាក់រអួលក្នុងការផ្គត់ផ្គង់ថាមពល តាមបរិមាណ និងគុណភាពមិនគ្រប់គ្រាន់ ដោយកត្តាអាកាសធាតុមិនអំណោយផល ធ្វើឱ្យថាមពលដែលមានប្រភពពីវារីអគ្គិសនី ផលិតក្រោមកម្រិតធម្មតា។ នៅឆ្នាំខាងមុខ យើងនឹងបន្ថែមការផ្គត់ផ្គង់ក្នុងបរិមាណប្រមាណ ៥០០ម៉េហ្គាវ៉ាត់ ពីប្រភពនានារួមទាំង ថាមពលពន្លឺព្រះអាទិត្យ។
៤៖ ការកាត់បន្ថយចំនួនថ្ងៃឈប់សម្រាកបុណ្យ និងទិវា ពី២៨ថ្ងៃ មក២១ថ្ងៃ ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០២០តទៅ។
៥៖ ការបញ្ចុះថ្លៃសេវាលើកដាក់កុងតឺន័រនៅចំណត និងការមិនតម្រូវឱ្យស្កែនកុងតឺន័រ របស់ក្រុមហ៊ុនដែលមានអនុលោមភាពល្អ (Best trader)។
ខ៖ ក្របខណ្ឌច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា
ការបញ្ចប់សេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីវិនិយោគ និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស ឱ្យបានរួចរាល់នៅចុងខែមិថុនា ឆ្នាំ២០១៩នេះ ដែលច្បាប់ថ្មីទាំងពីរនេះ មានគោលបំណងបង្កើនទំនើបកម្ម និងផលិតកម្មនៃ ឧស្សាហកម្មក្នុងស្រុក ពង្រឹងការតភ្ជាប់ទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ ក្នុងតំបន់និងសកល មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសេដ្ឋកិច្ចនិងសង្គម។ ជាពិសេសច្បាប់ថ្មីស្ដីពីវិនិយោគនេះ នឹងផ្ដល់ការលើកទឹកចិត្តបន្ថែម ចំពោះបណ្ដាសកម្មភាពមួយចំនួន លើសពីច្បាប់ចាស់ ដូចជា សកម្មភាពដែលគាំទ្រដល់ការផលិតជំនួសការនាំចូល និងការចំណាយទៅលើសុខុមាលភាពរបស់កម្មករ និយោជិត ដូចដែលក្រុមហ៊ុនជប៉ុន កន្លងមកបានអនុវត្ត ប៉ុន្តែមិនទទួលបានការលើកទឹកចិត្ត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការពិតណាស់ កម្ពុជាគឺជាប្រទេសមានសក្ដានុពល និងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែកម្ពុជាក៏ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដែលទាមទារឱ្យមានការចាត់វិធានការដោះស្រាយ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ADB ដែលខ្ញុំបានលើកឡើងបានបង្ហាញថា ដំណាក់កាលអភិវឌ្ឍន៍ របស់កម្ពុជាបច្ចុប្បន្ន ជាមួយនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដោយផ្អែកលើកម្លាំងពលកម្មដែលមានតម្លៃទាប នឹងឈានដល់ទីបញ្ចប់ ក្នុងអំឡុងពីរទសវត្សរ៍ខាងមុខ។
សម្តេចតេជោបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា យល់ច្បាស់ និងទទួលស្គាល់នូវគម្លាត រវាងជំនាញដែលកំពុងមានក្នុងទីផ្សារ និងជំនាញដែលជាតម្រូវការទីផ្សារ បច្ចុប្បន្ន និងអនាគតដែលនេះ ត្រូវបានរំលេចយ៉ាងច្បាស់ នៅក្នុងគោលនយោបាយជាតិ ស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥។ ធនាគារ ADB មានជំនឿថាគោលនយោបាយនេះ នឹងពង្រឹង និងធានាថា ជំនាញដែលបានបង្រៀន នៅក្នុងសាលាអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ៕