(តូក្យូ-ជប៉ុន)៖ ថ្លែងចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បានសម្រេចលុបចោលពន្ធអប្បបរមា១% ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយពីបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការសម្រេចដកចេញនូវពន្ធកាត់ទុក១% (ពន្ធអប្បបរមា) គឺបានចូលជាធរមានហើយនៅថ្ងៃនេះ ដោយមិនចាំបាច់រង់ចាំរហូតដល់ចុងឆ្នាំ២០១៩ នោះឡើយ ដើម្បីជាកាដូលើកទឹកចិត្តដល់ពាណិជ្ជករជាតិ និងបរទេសទាំងអស់ ឲ្យបានទទួលផលចំណេញកាន់តែច្រើន»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពាក់ព័ន្ធការលុបចោលពន្ធអប្បបរមា១%នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងប្រកាសជូនសេចក្តីណែនាំជាផ្លូវការដល់សាធារណៈ និងអ្នកធុរកិច្ចទាំងអស់ឲ្យបានជ្រាបជាផ្លូវការក្នុងពេលឆាប់ៗនេះ។
ការសម្រេចលុបចោលពន្ធនេះ ដែលជាដំណឹងល្អសម្រាប់អ្នកវិនិយោគ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រកាសជូនដល់បណ្តាក្រុមហ៊ុនជប៉ុនជាច្រើន ដែលបានអញ្ជើញមកជួបសម្តេចតេជោដោយផ្ទាល់ នៅសណ្ឋាគារ The New Otani, Tokyo ក្នុងបំណងបង្ហាញពីការគាំទ្រ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
ទោះបីជាមាននឹងការដកចេញនូវពន្ធកាត់ទុកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមឲ្យក្រុមហ៊ុនឯកជន និងវិនិយោគទុនទាំងអស់នៅកម្ពុជា ពង្រឹងនិងបន្តចូលរួមបង់ពន្ធជូនរាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ និងឲ្យបានគ្រប់ៗគ្នា៕