(ទីក្រុងតូក្យូ, ជប៉ុន)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយត្រូវបានគេតែងតែហៅថា បុរសខ្លាំងរបស់កម្ពុជានោះ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រកាសថា សម្រាប់ប្រទេសទាំងអស់ រាប់ទាំងកម្ពុជាផងដែរនោះ មិនត្រូវបណ្ដោយខ្លួនឲ្យក្លាយទៅជាស្មៅ ឬស្រមោ សង្អា សម្រាប់ដំរីជាន់តាមតែអំពើចិត្តនោះទេ។
ប្រសាសន៍ដ៏មានអត្ថន័យរបស់សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន NIKKEI Asia Review ដែលបានចោទសួរ ក្នុងសន្និសីទអន្តរជាតិ លើកទី២៥ ស្តីពី «អនាគតរបស់អាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ។
សំណួរបានចោទសួរថា «ពិភពលោកទាំងមូលកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអា-មេរិក និង ប្រទេសចិន។ តើសម្ដេច មានទស្សនៈយ៉ាងណាដែលចំពោះឥទ្ធិពលនៃជម្លោះនេះមកលើទ្វីបអាស៊ី និងជាពិសេសលើប្រទេសកម្ពុជាផ្ទាល់?»
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «មិនមាននរណាមួយនឹងដេកស្លាប់ ជាមួយនឹងទណ្ឌកម្មនោះទេ ហើយម្យ៉ាងទៀត សម្រាប់ប្រទេសទាំងអស់រាប់ទាំងកម្ពុជាផងដែរ ក៏មិនត្រូវបណ្តោយខ្លួនឱ្យក្លាយទៅជាស្មៅ ឬស្រមោចសង្អាសម្រាប់ដំរីជាន់។ គេមានពាក្យមួយនិយថា ដំរីជល់គ្នាខ្ទេចខ្មៅ ឬក៏ស្លាប់ស្រមោចសង្អា ក៏ប៉ុន្តែយើងទាំងអស់គ្នាក្នុងតំបន់អាស៊ីរបស់យើង ក៏ដូចជាបណ្តាប្រទេសនីមួយៗ មិនគប្បីប្រែក្លាយខ្លួនទៅជាស្រមោចសង្អា ឬជាស្មៅ សម្រាប់ដំរីជល់គ្នា ហើយមកជាន់យើងឱ្យស្លាប់នោះទេ យើងត្រូវរកវិធីគេចឱ្យផុតពីជម្លោះនេះ»។
ផ្ដើមចេញពីបញ្ហានេះសម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា សហរដ្ឋអាមេរិក និងចិន នឹងស្វែងរកដំណោះស្រាយសមស្របដើម្បីភាពសុខដុមរមនា។ ព្រោះពិភពលោកបច្ចុប្បន្ន មិនអាចមាននរណារស់ម្នាក់ឯងបានទេ ពិភពលោកបច្ចុប្បន្នចំណុះឱ្យគ្នាទៅវិញទៅមក ដូច្នេះមានតែការស្វែងរកនូវដំណោះស្រាយមួយ តាមរយៈស្ថានភាពឈ្នះឈ្នះតែប៉ុណ្ណោះ។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាកចេញពីប្រទេសកម្ពុជា និងធ្វើដំណើរទៅដល់ប្រទេសជប៉ុន នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីទស្សនកិច្ចផ្លូវការនៅទីនោះ។ ដំណើរអញ្ជើញទៅកាន់ប្រទេសជប៉ុនលើកនេះ គឺជាដំណើរលើកទី២៣ហើយ សម្រាប់សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីមហាអំណាចសេដ្ឋកិច្ច នៅទ្វីបអាស៊ីមួយនេះ។
ដំណើរបំពេញទស្សនកិច្ច នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀត។ លើសពីនេះ ក្នុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ជួបជាមួយឥស្សរៈជនជប៉ុន និងទទួលការចូលជួបសម្តែងការគួរសម ពីតំណាងក្រុមហ៊ុនជប៉ុនជាច្រើនផងដែរ៕