(តូក្យូ, ជប៉ុន)៖ ក្នុងវេទិកាសំណួរចម្លើយជាមួយអ្នកសារព័ត៌មាន NIKKEI Asia Review ក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពី «អនាគតអាស៊ី» ដែលធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះទីក្រុងតូក្យូ ប្រទេសជប៉ុន សំណួរស៊ីជម្រៅជាច្រើនត្រូវបានលើកឡើងជាបន្តបន្ទាប់។ ក្នុងនោះពាក់ព័ន្ធនឹងបំណុលរបស់ចិនមកលើប្រទេសកម្ពុជា នាពេលបច្ចុប្បន្នត្រូវបានចោទសួរផងដែរ។
អ្នកសារព័ត៌មាន NIKKEI Asia Review បានចោទសួរសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា ប្រទេសកម្ពុជាមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយប្រទេសចិន។ មតិរិះគន់មួយចំនួនបានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បាននិងកំពុងបង្កើតនូវ «អន្ទាក់បំណុល» សម្រាប់ប្រទេសមួយចំនួន។ តើប្រទេសកម្ពុជាមានការព្រួយបារម្ភថា នឹងអាចជួបប្រទះនូវបញ្ហាបែបនេះដែរ ឬ ទេ នៅពេលអនាគត?
ឆ្លើយតបសំណួរនេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសខ្លះបានជំពាក់បំណុលប្រទេសដទៃរហូតដល់ទៅ ២០០ភាគរយ ៣០០ភាគរយ ឬ ៥០០ភាគរយនៃ GDP ហើយបំណុលនោះ មិនមែនជំពាក់តែប្រទេសចិននោះទេ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា មិនបណ្តែតបណ្តោយខ្លួនឱ្យធ្លាក់ក្នុងបំណុលរហូតវណ្ឌកនោះឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកនូវមូលហេតុមួយចំនួនមកអះអាង និងធានាថាកម្ពុជានឹងវណ្ឌកនៅក្នុងបំណុលនោះឡើយ។ ហេតុផលទាំង៣នោះរួមមាន៖ ១. ការខ្ចីបំណុលជាការសម្រេចចិត្តរបស់កម្ពុជា ចិនមិនដែលបង្ខំឱ្យខ្ចីនោះឡើយ, ទី២. កម្ពុជាខ្ចីដោយឥណទានសម្បទានក្នុងអត្រាការប្រាក់ទាប និងមានរយៈពេលវែង និងទី៣. កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការខ្ចី មិនឱ្យកម្ចីឡើងខ្ពស់ហួសពីកម្រិតនៃចំណូលផលិតផលសរុបប្រចាំឆ្នាំ (GDP) នោះឡើយ។
នៅក្នុងវេទិកាដែលមានភ្ញៀវបរទេសចូលរួមជាច្រើនរយនាក់នោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «សម្រាប់កម្ពុជាយើងរក្សាបាននូវអធិបតេយ្យរបស់យើង នៅក្នុងការខ្ចី គឺយើងខ្ញុំខ្ចីទៅតាមគម្រោងដែលយើងខ្ញុំត្រូវការ ហើយចិនគោរពនូវការសម្រេចរបស់យើង។ នេះជាចំណុចទី១ ដែលខ្ញុំសុំគូសបញ្ជាក់ថា ចិនមិនបានបង្ខំឱ្យយើងធ្វើនេះ ឬធ្វើនោះនោះទេ ប៉ុន្តែចិនបានគោរពនូវការសម្រេចចិត្តរបស់យើង តើប្រើប្រាស់ឥណទានដែលយើងខ្ចីនេះយកទៅធ្វើអ្វី?
ចំណុចទី២ យើងបានខ្ចីដោយឥណទានសម្បទាន ដោយអត្រាការប្រាក់ទាប និងរយៈពេលសងវែង ហើយយើងត្រូវធ្វើការរឿងនេះ ជាបន្តទៀតមិនមែនគ្រាន់តែជាមួយ ប្រទេសចិនទេ ជាមួយជប៉ុន ជាមួយស្ថាប័នហិរញ្ញវត្ថុដទៃទៀត យើងក៏នៅតែបន្ត និងធ្វើការងារនេះ។ ឯមួយទៀត យើងខ្ញុំមានការប្រុងប្រ័ត្នខ្លាំងណាស់ ទៅលើការខ្ចីបុលពីបរទេស។ មកដល់ពេលនេះ កម្ពុជាទើបជំពាក់បំណុលបរទេសស្មើនឹង ២១.៥ភាគរយ នៃអនុបាត ៤០ភាគរយ ដែលអនុញ្ញាតឱ្យខ្ចី។ យើងខ្ញុំទើបនឹងខ្ចីគេត្រឹមតែ២១.៥ភាគរយប៉ុណ្ណោះ ដែលនេះជាចំណុចត្រូវមើលឃើញ»។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៨ កម្ពុជាជាប់បំណុលបរទេសប្រមាណ ៧ពាន់លានដុល្លារអាមេរិក៕