(តូក្យូ, ជប៉ុន)៖ លោក ណូប៊ូយ៉ុងស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៍ (J Trust Bank) ដែលជាម្ចាស់ភាគហ៊ុនដ៏ធំមួយរបស់ធនាគារ ANZ របស់អ្នកឧកញ៉ា គិត ម៉េង បានអះអាងថា ធនាគារ ANZ នឹងប្តូរទៅជា «J Trust» វិញនៅកំលុងខែសីហា ឆ្នាំ២០១៩។
លោក ណូប៊ូយ៉ុងស៊ិ ហ្វូជិសាវ៉ា ប្រកាសបែបនេះក្នុងពេលរូបលោកអញ្ជើញចូលជួបសម្តែងការសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ។
បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា ក្នុងជំនួបនោះ លោក ណូប៊ូយ៉ុងស៊ិ ហ្វូជិសាវ៉ា បានជំរាបសម្តេចតេជោដែរថា កន្លងទៅខាងធនាគារ ANZ Royal មិនសូវបានផ្តល់ឥណទានទៅក្រុមហ៊ុនខ្មែរនោះទេ ប៉ុន្តែធនាគារចេត្រាសធ៍ រ៉ូយ៉ាល់ នឹងផ្តល់ប្រាក់កម្ចី ឬឥណទានទៅក្រុមហ៊ុនខ្មែរ។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឱ្យលោក ណូប៊ូយ៉ុងស៊ិ ហ្វូជិសាវ៉ា ជួយដល់ក្រុមហ៊ុនខ្មែរដែលតម្រូវការឥណទាន។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរដល់ក្រុមហ៊ុនចេត្រាសធ៍របស់ជប៉ុនដែលបានទៅបណ្តាក់ទុកនៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការរីករាយ និងស្វាគមន៍សម្រាប់លោក ណូប៊ូយ៉ុងស៊ិ ហ្វូជិសាវ៉ា ប្រធានធនាគារចេត្រាស់ធ៍ ដែលបានបណ្តាក់ទុនរកស៊ីនៅកម្ពុជា៕