(ភ្នំពេញ)៖ ក្រោយសវនាការបញ្ចប់ នៅព្រលប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ ចៅក្រមជំនុំជម្រះ លោក កូយ សៅ បានយកសំណុំរឿងនេះ ទៅបន្តជំនុំជម្រះ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខទៀត។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសវនាការ ជនត្រូវចោទ រ៉ាត់ រ័ត្នមុនី អះអាងថា «ខ្ញុំ គ្រាន់តែជាអ្នកបកប្រែឲ្យគេ ចំណែករឿងថត និងកាត់តវីដេអូ យកទៅផ្សាយ ខ្ញុំអត់បានដឹងទេ។
លោកបញ្ជាក់ទៀតថា «ហើយខ្ញុំ ក៏មិនបានស្គាល់តួអង្គក្នុងរឿងនោះដែរ គឺក្រុមអ្នកកាសែតរុស្ស៊ីទាំងអស់នោះ ជាអ្នកស្វែងរកដោយខ្លួនពួកគេ ក្រុមអ្នកសារព័ត៌ RT (Russia Today) របស់ប្រទេសរុស្ស៊ី ផលិតវីទេ ដែលផលិតវីដេអូរឿង ម្តាយខ្ញុំលក់ខ្ញុំ ដោយសន្យាជាមួយតួអង្គថា នឹងផ្តល់លុយកាក់ខ្លះដើម្បីចាយវាយ និងផ្តល់លុយឲ្យបើកមុខរបរតូចៗ តាមចិត្តរបស់ពួកគេប៉ងប្រាថ្នាផងដែរ»។
សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកសវនាការលើសំណុំរឿងឈ្មោះ រ៉ាត់ រដ្ឋមុនី ដែលជាប់ពាក់ព័ន្ធករណីផលិតខ្សែវីដេអូរឿង «ម្ដាយខ្ញុំលក់ខ្ញុំ» ដែលការផលិតនេះវាជាទម្រង់ នៃការផ្សាយព័ត៌មានមិនពិត ដែលនាំដល់ការអាប់ឱនដល់កិត្តិយសប្រទេសកម្ពុជា។
សវនារនេះ មានលោក កូយ សៅ ជាចៅក្រមជំនុំជម្រះ និងលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ។
លោក រ៉ាត់ រដ្ឋមុនី ត្រូវបានតុលាការឃុំខ្លួន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីសមត្ថកិច្ចថៃ បានចាប់ខ្លួន រួចបញ្ជូនមកឱ្យរដ្ឋាភិបាលកម្ពុជាវិញ តាមការស្នើសុំរបស់ភាគីកម្ពុជា ពាក់ព័ន្ធករណីផលិតខ្សែវីដេអូរឿង «ម្ដាយខ្ញុំលក់ខ្ញុំ» ដែលជាទម្រង់ នៃការផ្សាយព័ត៌មានមិនពិត ដែលនាំដល់ការអាប់ឱនកិត្តិយសប្រទេសកម្ពុជា។
ខ្សែរវីដេអូ ដែលមានខ្លឹមសារ «ម្តាយខ្ញុំលក់ខ្ញុំ» បាននិយាយពីស្ត្រីខ្មែរ ដែលលក់កូនស្រីខ្លួនឯងដោយសារតែជីវភាពខ្វះខាត និងរៀបរាប់ពីស្ថានភាព នៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជា។ ខ្សែរវីដេអូនេះ បានធ្វើឱ្យរាជរដ្ឋាភិបាល យល់ឃើញថា ជាការមួលបង្កាច់កិត្យានុភាព កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា៕