(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុច បូររិទ្ធ បានអះអាងថា កម្ពុជា នៅតែប្តេជ្ញាចិត្តខ្ពស់ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅចូលរួមសកម្មភាពមនុស្សធម៌ជុំវិញពិភពលោក តាមរយៈអង្គការសហប្រជាជាតិ។
ការអះអាងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស បានធ្វើឡើងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនគ្រូបង្គោលបច្ចេកទេសបោសសម្អាតមីនកម្រិតខ្ពស់ថ្នាក់តំបន់ និងអាស៊ាន សម្រាប់គ្រូបង្គោល ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅទីស្តីការក្រសួងការបរទេស នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងឆ្នាំ២០១៩នេះ និងទៅអនាគត កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ បន្តសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងពិភពលោកជាបន្តទៀត ដោយត្រៀមរៀបចំកម្លាំងនិងមធ្យោបាយនានា សម្រាប់ដាក់បញ្ចូលក្នុងកំរិតនៃប្រព័ន្ធរៀបរយសមត្ថភាពរក្សាសន្តិភាព (UN Peacekeeping Capacity Readiness System- UNPCRS)»។
រយៈពេល១៣ឆ្នាំកន្លងមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវទៅចូលរួមបំពេញ បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងនៅលើពិភពលោក។ អ្វីដែលជាមោទនភាពនោះ មកដល់បច្ចុប្បន្ននេះ កម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមបំពេញបេសកកម្មចំនួន៨ប្រទេស រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ឆាដ ម៉ាលី និងអាហ្វ្រិកកណ្តាល សរុបចំនួន៦២៧៨នាក់ ក្នុងនោះនារី ចំនួន ៣១៥នាក់។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា «បច្ចុប្បន្ននេះ កម្លាំងយើងមានចំនួន៧៨៨នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសចំនួន៥ លើជំនាញកម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មសំណង់ វិស្វកម្មព្រលានយន្តហោះ អាវុធហត្ថ នាយទាហានសង្កេតការណ៍ និងនាយទាហានសេនាធិការ»។
កម្ពុជាធ្លាប់ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរដោយសង្គ្រាមរ៉ាំរ៉ៃ និងធ្លាប់ទទួលជំនួយ ដោយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានខិតខំអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស រហូតក្លាយជាប្រទេសដែលមានលទ្ធភាព បញ្ជូនកងកម្លាំងក្នុងបេសកកម្មអង្គការសហប្រជាជាតិ ដើម្បីជួយសង្រ្គោះដល់ប្រទេស ដែលរងគ្រោះដោយសារសង្រ្គាមនៅលើពិភពលោកវិញម្តង។
ទោះបីជាជួបបញ្ហាខ្លះក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានបង្ហាញជំហរយ៉ាងមោះមុតរួចហើយថា រាជរដ្ឋាភិបាលកម្ពុជាមិនមានការរាថយ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅបំពេញបេសកកម្ម នៅក្រៅប្រទេសនោះឡើយ៕