(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក វ៉ាង វិនធាន បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ធ្វើឲ្យប្រទេសទាំង៦ មានការរីកចម្រើនយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ច ក្នុងការជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូលើគ្រប់វិស័យ។ កម្ពុជារយៈពេល ៣ឆ្នាំកន្លងមកនេះ បានបង្កើនស្មារតីកាន់តែខ្លាំងឡើងលើកិច្ចសហប្រតិបត្តិការនេះ ដែលជាផ្នែកមួយចូលរួមអភិវឌ្ឍ ប្រទេសនៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាខ្លួនឯង ដោយផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងតែម្តង។
ការបញ្ជាក់បែបនេះរបស់ឯកអគ្គរដ្ឋទូតចិន បានធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលស្ថានទូតចិន បានរៀបចំប្រគល់រង្វាន់ដល់ម្ចាស់ជយលាភី ការប្រកួតប្រជែងវីដេអូខ្នាតខ្លី ក្រោមប្រធានបទ «សន្យាជួបគ្នានៃទន្លេឡានឆាង-មេគង្គ» ទាំង១៥រូប នៅស្ថានទូតចិន ប្រចាំកម្ពុជា។
លោក វ៉ាង វិនធាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្រើប្រយោជន៍ ឬប្រយោជន៍ណាមួយដែលប្រទេសទាំង៦ បានបំពេញជំនួសគ្នាទៅវិញទៅមក ក្នុងវិស័យសេដ្ឋកិច្ច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ ដល់ដៃគូយ៉ាងទូលំទូលាយ លើគ្រប់វិស័យ ៣ឆ្នាំកន្លងមកនេះ គឺប្រទេសកម្ពុជា បានបង្កើនស្មារតីកាន់តែខ្លាំងឡើង លើកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ហើយគ្រប់ស្ថាប័នខិតខំជំរុញលើគ្រប់វិស័យ ដែលធ្វើឱ្យមានថាមពលថ្មី ក្នុងការចូលរួមអភិវឌ្ឍប្រទេសនៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជា ដែលបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនជាដើម»។
លោក វ៉ាង វិនធាន បានបន្តថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាយុទ្ធនាការ នៃកិច្ចសហប្រតិបត្តិការអនុតំបន់បែបថ្មី ដែលប្រទេសទាំង៦ នៅតាមបណ្តោយតំបន់ទន្លេឡានឆាង-មេគង្គ បានចរចាគ្នារួម កសាងរួម និងចែករំលែករួម និងមិនគ្រាន់តែបង្រួមគម្លាតគ្នា រវាងប្រទេសនៅក្នុងប្រទេសអាស៊ាននោះទេ ព្រមទាំងបានផ្តល់ថាមពលថ្មី សម្រាប់សហរណកម្មរបស់អាស៊ាន ទាំងមូលផងដែរ។
បន្ថែមពីនេះ ការប្រកួតប្រជែងនេះ ធ្វើឡើងដើម្បីស្វាគមន៍ ដល់ខួបនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០១៩ និងដើម្បីស្វែងយល់ឱ្យបានកាន់តែប្រសើរ និងស៊ីជម្រៅអំពីកិច្ច សហប្រតិបត្តិការទន្លេឡានឆាង-មេគង្គនេះ។ «សន្យាទន្លេឡានឆាង-មេគង្គ» គឺជាប្រធានបទសំខាន់របស់វីដេអូប្រកួត ដែលមានគោលដៅបង្ហាញអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅស្ថិតនៅក្រោមបរិបទ «ផឹកទឹកទន្លេតែមួយមិត្តភាព និងមនោសញ្ចេតនាជិតស្និទ្ធនឹងគ្នា ទាំងវិសយ័វប្បធម៌ កីឡា និងសេដ្ឋកិច្ចជាដើម»។ល។
ទន្លេឡានឆាង មានប្រភពមកពីតំបន់ឈីងហាយប្រទេសចិន បានបន្តហូរចុះមកក្រោមកាត់តាមប្រទេសចំនួន៥ នៃតំបន់អាស៊ីអាគ្នេយ៍ដែលរួមមាន កម្ពុជា ឡាវ ភូមា ថៃ និងប្រទេសវៀតណាម។ នៅអាស៊ីអាគ្នេយ៍ទន្លេឡានឆាង ត្រូវបានប្រសិទ្ធិនាមថា «ទន្លេមេគង្គ»។ ទន្លេឡានឆាង និងទន្លេមេគង្គ បានធ្វើឱ្យប្រទេសទាំង៦ តភ្ជាប់គ្នារួមដង្ហើមជាមួយគ្នា និងចាប់ដៃប្រកៀកស្មាគ្នា ដើម្បីអភិវឌ្ឍន៍រួមគ្នាយ៉ាងសស្រាក់សស្រាំ។
កិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ គឺជាយន្តការនៃកិច្ចសហប្រតិបត្តិការអនុតំបន់ទម្រង់ថ្មីនៃការកសាង និងដាក់ចេញរួមគ្នារវាងប្រទេសចិន និងប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម។ ចាប់តាំងពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ត្រូវបានបង្កើតយន្តការដោយខ្លួនឯងមក វាត្រូវបានបំពេញតួនាទីជាវិជ្ជមាន ចំពោះការបង្កើតការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ទន្លេឡានឆាង-មេគង្គ ដោយរួមគ្នាបង្កើតសហគមន៍វាសនា ប្រទេសទន្លេឡានឆាង-មេគង្គ បង្កើននូវសុវភមង្គលរបស់ប្រជាជននៃបណ្តាប្រទេសតាមដងទន្លេឡានឆាង-មេគង្គ ព្រមទាំងបានរក្សា និងជំរុញនូវស្ថេរភាពអភិវឌ្ឍន៍ និងសន្តិភាពក្នុងតំបន់ផងដែរ៕