(តូក្យូ-ជប៉ុន)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ៊្សូ បានថ្លែងចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយចាត់ទុកការជួយការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា គឺការងារដ៏សំខាន់សម្រាប់ជប៉ុន ហើយប្រទេសជប៉ុនត្រៀមខ្លួន ជានិច្ចក្នុងការជួយដល់កម្ពុជា។
ការថ្លែងបែបនេះរបស់លោក អាបេ ធ្វើឡើងក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរបំពេញទស្សនកិច្ច និងបេសកកម្មការងារថ្ងៃចុងក្រោយ នៅលើទឹកដីជប៉ុន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងក្រោយជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន និងលោក អាបេ យ៉ាងដូច្នេះថា «ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន បានគូសបញ្ជាក់ថា អ្វីដែលសំខាន់សម្រាប់ជប៉ុន គឺកំពង់ផែនៅក្នុងខេត្តព្រះសីហនុ។ ជប៉ុនត្រៀមសហការសាជាមួយកម្ពុជា ត្រៀមសិក្សាអំពីផែនការមេ សម្រាប់កំពង់ផែកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមបានស្វាគមន៍ចំពោះការពិភាក្សារវាង អង្គការ JICA និងកំពង់ផែខេត្តព្រះសីហនុនេះ ដើម្បីសហការគ្នា អំពីគម្រោងកំពុងផែនៅខេត្តព្រះសីហនុនេះ។ ការគ្រប់គ្រងរដ្ឋបាលនេះ កម្ពុជាអាចប្រើប្រាស់ឯកទេសជប៉ុនសង់កំពង់ផែនេះ»។
ក្រៅពីជំនួបពិភាក្សាការងារនេះ សម្តេចតេជោ ហ៊ុន សែន និងលោក អាបេ ស៊ីនហ៊្សូ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើពិធីសារសំខាន់ៗចំនួនពីរ ដែលជាជំនួយឥតសំណងរបស់ជប៉ុនសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ ពិធីសារដែលចុះហត្ថលេខានោះរួមមាន៖ ទី១- ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺន័រ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក) និង ២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក។
ថ្លែងក្នុងសិក្ខាសាលា ស្ដីពីវិនិយោគនៅកម្ពុជា នាទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការផ្តល់ហិរញ្ញប្បទានសហប្រតិបតិ្តការ លើគម្រោងអភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានទំហំហិរញ្ញប្បទាន រហូតដល់ប្រមាណជា ២៣ពាន់លានយ៉េន នឹងជួយប្រែក្លាយកម្ពុជា ទៅជាកន្លែងប្រមូលផ្តុំទំនិញឆ្លងកាត់នៅក្នុងតំបន់អាស៊ាន ជាមួយនឹងការបង្កើនសមត្ថភាពគ្រប់គ្រងទំនិញបានដល់ ៩០ម៉ឺនកុងតឺន័រប្រភេទ ២០ហ្វីត (TEUs) ក្នុងមួយឆ្នាំ ដែលមានសមត្ថភាពបន្ថែម លើសពីពេលបច្ចុប្បន្ន ២ដង។
សម្តេចតេជោចាត់ទុកថា គម្រោងនេះនឹងអាចឱ្យនាវាដឹកទំនិញខ្នាតធំ ដែលជាចរន្តនៃការដឹកជញ្ជូនទំនិញក្នុង សមុទ្រអន្តរជាតិ ចូលមកលើកដាក់ទំនិញផ្ទាល់ដល់កំពង់ផែក្រុងព្រះសីហនុ ដែលនឹងចូលរួមចំណែកកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញអន្តរជាតិនាពេលអនាគត។ បន្ថែមពីនេះ ការទិញភាគហ៊ុនជាយុទ្ធសាស្រ្តរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ពីសំណាក់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាន់តែបញ្ជាក់ពីជំនឿទុកចិត្តរបស់រដ្ឋាភិបាលជប៉ុន មកលើអនាគតកំពង់ផែ ក៏ដូចជាអនាគតកម្ពុជាទាំងមូល។
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨ មិត្តជប៉ុនបានផ្តល់ហិរញ្ញប្បទានសហប្រតិបតិ្តការផ្លូវការ យ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណជាង ២.៨ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ១៥% នៃហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់ សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពី ឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ ក្រុមហ៊ុនជប៉ុន ចំនួន១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២.៥ពាន់លានដុល្លារអាមេរិក ដែលផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិកត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប៕