(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Dionisio Babo Soares រដ្ឋមន្ត្រីការបរទេស នៃប្រទេស ទីម័រលេស ( Timor-Leste) នៅវិមានសន្តិភាព។
លោក Babo Soares បាននាំពាក្យផ្តាំផ្ញើរសួរសុខទុក្ខពីលោកនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតី នៃប្រទេស ទីម័រលេស គោរពជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយក៏បានគោរពជម្រាបជូនសម្តេចតេជោថា រូបលោកមានការគោរពសម្ដេចតេជោនាយករដ្ឋមន្ត្រីជាខ្លាំង ចំពោះវីរភាពដឹកនាំ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងប្រទេសកម្ពុជារបស់សម្ដេចតេជោ។
ទន្ទឹមនឹងនេះ លោក Babo Soares ក៏បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែនថា ដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសទីម័រលេស កាលពីឆ្នាំ២០១៦ បានធ្វើឲ្យប្រទេសទីម័រលេស ក៏ដូចជាប្រជាពលរដ្ឋមានអារម្មណ៍ហាក់បីដូចជា ប្រទេសមួយមានសម្ព័ន្ធភាពជាមួយកម្ពុជាដូចជាបងប្អូន ហើយជាងនេះទៅទៀត លោកបានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចផងដែរ ចំពោះរាល់ការគាំទ្រទាំងឡាយ ដែលសម្ដេចបានផ្ដល់ឲ្យប្រទេសទីម័រលេស។
លើសពីនេះ លោក Babo Soares បានអះអាងថា ក្នុងដំណើរទស្សនកិច្ចរបស់រូបលោក មកព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីធ្វើនេះយ៉ាងណា រឹតចំណងមិត្តភាព និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើងថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះការផ្តាំផ្ញើសួរសុខទុក្ខហើយក៏ថ្លែងអំណរគុណផងដែរ ចំពោះការទទួលយកចិត្តទុក្ខដាក់ នៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេច ដែលបានធ្វើដំណើរទៅប្រទេសទីម័រលេសកាលពីឆ្នាំ២០១៦កន្លងទៅ។
ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនោះសម្ដេចបានកត់សម្គាល់ថា ប្រទេសទីម័រលេស បានត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ការចូលខ្លួនជាសមាជិកអាស៊ាន ទាំងការរៀបចំឲ្យមានស្ថានទូតនៅគ្រប់ប្រទេសទាំងអស់ នៅក្នុងបណ្តាលប្រទេសអាស៊ាន ក៏ដូចជាសមត្ថភាពរបស់មន្ត្រីរាជការ រួមទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសទីម័រលេសផងដែរ។
ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ថា កម្ពុជា-ទីម័រលេស គប្បីប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណា ជំរុញនៅលើរាល់អ្វីដែលយើងអាចធ្វើបានដើម្បីពង្រីក កិច្ចសហប្រតិបត្តិការរួមទាំងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យវិនិយោគ ទេសចរណ៍ ក៏ដូចជាវិស័យវប្បធម៌ជាដើម។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវក្តីរីករាយផងដែរចំពោះ និស្សិតទីម័រលេស ដែលនឹងត្រូវមកកាន់ព្រះរាជាណាចក្រកម្បុជា ដើម្បីទទួលអាហាររូបករណ៍ សិក្សានៅប្រទេសកម្ពុជាចំនួន១០នាក់ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់ឲ្យកាលពីឆ្នាំ២០១៦កន្លងមកនេះ៕