(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់រហស្សនាមថ្មីមួយទៀតឲ្យ សម រង្ស៊ី គឺ «ឆ្កែមួយក្បាល» និង «កូនអាក្បត់ជាតិ»។ រហស្សនាមនេះត្រូវបាននាយករដ្ឋមន្ត្រីប្រកាស តាំងពីទីក្រុងតូក្យូ ក្នុងសន្និសីទអន្តរជាតិស្តីពីអនាគតអាស៊ីម្ល៉េះ ដើម្បីជាការឆ្លើយតបទៅនឹងសំណួរអ្នករៀបចំកម្មវិធី ពាក់ព័ន្ធនឹងស្ថានភាពនយោបាយនៅកម្ពុជា។ ពាក្យនេះពិតជាធ្ងន់ធ្ងរសម្រាប់ការហៅមនុស្ស។ ប៉ុន្តែបើយើងសង្កេតមើលសកម្មភាព និងឥរិយាបថរបស់ សម រង្ស៊ី ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ពាក្យថា «ឆ្កែមួយក្បាល កូនអាក្បត់ជាតិ» គឺមិនធ្ងន់ឡើយសម្រាប់ហៅ សម រង្ស៊ី តែជាពាក្យមួយសមរម្យបំផុតហើយ។

ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងយ៉ាងដូច្នេះ?

ចូរយើងក្រឡេកថយក្រោយ ទៅមើលតាំងពីការចាប់ផ្តើមបង្កើតបក្សនយោបាយរបស់ សម រង្ស៊ី នៅឆ្នាំ២០០៥ ឈ្មោះថា គណបក្សជាតិខ្មែរ ហើយដែលក្រោយមកបែរមកដាក់ ឈ្មោះខ្លួនឯងថា គណបក្ស សម រង្ស៊ី និងរហូត មកទល់បច្ចុប្បន្នសកម្មភាពរបស់ សម រង្ស៊ី គ្មានអ្វីប្រែប្រួលសូម្បីបន្តិច។ ខ្ញុំអាចសង្ខេបត្រួសៗនូវចំណុចសំខាន់ៗ ដែលអាចចាត់ ទុកជាលក្ខណៈសម្គាល់ ឬជាអត្តសញ្ញាណរបស់ សម រង្ស៊ី ដូចខាងក្រោម៖

១៖ សម រង្ស៊ី ជាអ្នកនយោបាយដែលប្រើគំនុំសងសឹក ជាខ្សែបន្ទាត់កំណត់ទិសដៅនយោបាយរបស់ខ្លួន។ ការចាកចេញពី ហ្វ៊ុនស៊ិនប៉ិច ទៅបង្កើតគណបក្សផ្ទាល់ខ្លួន គឺដើម្បីសងសឹកចំពោះហ្វ៊ុនស៊ិនប៉ិច និងបន្ទាប់មកបានធ្វើឲ្យគណបក្សរាជានិយមមួយនេះរលាយដោយ សម រង្ស៊ី សុខចិត្តឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន ខ្ចីដៃប្រើតាមចិត្តឲ្យតែបាន បំផ្លាញគណបក្សរាជានិយមចោល។ បំផ្លាញបក្សរាជនិយមមិនមែនត្រឹមតែជាគុំនុំសងសឹកជាមួយ សម្តេចក្រុមព្រះឡើយ តែជាការស្រាយគំនុំរបស់ឪពុកខ្លួន ដែលត្រូវបានសម្តេចព្រះនរោត្តម សីហនុ ចាត់ទុកជាជនក្បត់ជាតិ។ និយាយជារួម សម រង្ស៊ី ជាអ្នកក្បត់រាជានិយមតែម្តង។ នយោបាយគំនុំសងសឹកដ៏គ្រោះថ្នាក់របស់ សម រង្ស៊ី បន្តរហូតដល់បច្ចុប្បន្ន។

២៖ ចរិតនយោបាយរបស់ សម រង្ស៊ី គឺការដុតកំហឹង ញុះញង់និងឆ្គិះឆ្គៀលចាក់រុកឲ្យខ្មែរស្អប់ខ្មែរ ឲ្យខ្មែរចេះលាបពណ៌គ្នាក្លាយជាយួន ជាចិន។ល។ ពោលគឺធ្វើយ៉ាងណាឲ្យខ្មែរ បែកបាក់។ នយោបាយបែបនេះត្រូវបានអនុវត្តតាំងពីចាប់ផ្តើមជីវិតនយោបាយមកម្ល៉េះ។ មន្ត្រីបក្សខ្លួនណាហ៊ានរិះគន់ ឬនិយាយជំទាស់ជាមួយលោកប្រធាន នឹងត្រូវជាប់ឈ្មោះជាអាយ៉ងយួន, លក់ក្បាល និងក្បត់បក្ស។ ពាក្យនេះត្រូវបានប្រើយ៉ាងពេញនិយមកាលពីក្នុងសម័យ ប៉ុលពត។ រយៈពេលជាងពីរទសវត្សរ៍មកនេះ សង្គមខ្មែរដិតដាមដោយការលាបពណ៌ ការបែកបាក់ និងការរើសអើងពូជសាសន៍ ដែលជាស្នាដៃឯករបស់ សម រង្ស៊ី។

៣៖ សម រង្ស៊ី ជាអ្នកនយោបាយដែលមើលស្រាលប្រជាជាតិខ្លួនឯង និងយកបរទេសជាចៅហ្វាយនាយ។ ចាប់តាំងពីផ្តើមធ្វើនយោបាយកាលណាមក សម រង្ស៊ី ម៉ាត់ណាក៏យកមហាអំណាចបរទេសមកធ្វើជាត្រីមុខដែរ។ បុគ្គលនេះមិនដែលផ្តល់តម្លៃសូម្បីបន្តិចដល់ជាតិសាសន៍ខ្លួនឯង តែងប់ងល់និងបម្រើប្រយោជន៍បរទេស រហូតដល់បើកដៃឲ្យបរទេសប្រើប្រាស់ ជាកូនអុកដើម្បីផលប្រយោជន៍របស់គេ។ តាំងពីដើមរហូតដល់បច្ចុប្បន្ន គោលបន្ទាត់នយោបាយរបស់ សម រង្ស៊ី គឺលុតក្រាបចំពោះមុខជន បរទេស ហើយបំផ្លាញប្រយោជន៍ជាតិខ្លួនឯង។ ជាក់ស្តែងការអុជអាលឲ្យបរទេស ដាក់ទណ្ឌកម្មមកលើជាតិ និងប្រជាជនខ្លួនឯងគឺជា សក្ខីភាពដែលមិនអាចប្រកែកបាន។ ហេតុនេះហើយបានជា មានអ្នកខ្លះហៅ សម រង្ស៊ី ថាជា «ឆ្កែបម្រើបរទេស»។

៤៖ សម រង្ស៊ី ជាអ្នកនយោបាយដែលយកប្រជាពលរដ្ឋជាឈ្នាន់។ ជាធម្មតាអ្នកនយោបាយគឺជាអ្នកដែលហ៊ានលះបង់ ហ៊ានយកអាយុជីវិត យកទ្រូងទៅពាំងការពារប្រយោជន៍ជាតិ និងប្រជាជន។ ប៉ុន្តែអកុសលអីមានតែ សម រង្ស៊ី ទេដែលយកពលរដ្ឋទៅពាំងការពារផលប្រយោជន៍ខ្លួនឯងវិញ។ តើមានពលរដ្ឋខ្មែរអ្នកគាំទ្រ សម រង្ស៊ី ប៉ុន្មាននាក់ហើយ ដែលបានស្លាប់ ជាប់គុក និងរងរបួស ឬត្រូវទទួលទោសទណ្ឌផ្សេងៗ ដោយសារតែ សម រង្ស៊ី បោកបញ្ឆោតឲ្យចេញមុខ ពាំងជំនួសខ្លួននៅពេលមានបញ្ហាធំៗកើតឡើង? តើ សម រង្ស៊ី ដែលហ៊ានជាប់គុកជំនួសពលរដ្ឋទេ? តើមានម្តងណាទេដែល សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋស្ងប់ស្ងៀមនិងអហិង្សា? ពិតជាគ្មានឡើយ គឺមានតែញុះញង់ឲ្យពលរដ្ឋងើបបះបោរ បង្កភាពវឹកវរ រហូតឈានដល់អំពើហិង្សា ចលាចលក្នុងសង្គម។ ហើយចំណែកឯ សម រង្ស៊ី ខ្លួនឯងវីញ គឺ ចាំតែកេងចំណេញនយោបាយ ហើយបើមានបញ្ហាក៏រត់ទៅសម្ងំសុខ នៅឯបរទេសយ៉ាងរំភើយ។

៥៖ សម រង្ស៊ី ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ៖ បុគ្គលរូបនេះតាំងខ្លួនជាអ្នកប្រជាធិបតេយ្យឆ្អិនឆ្អៅ មកពីស្រុកបារាំង។ ប៉ុន្តែធាតុពិតចរិតលក្ខណៈ និងការដឹកនាំក្នុងបក្សគ្មានធាតុប្រជាធិបតេយ្យ សូម្បីបន្តិច។ ជាក់ស្តែង ការដឹកនាំពោរពេញដោយបក្សពួក គ្រួសារនិយម និងការសម្រេចចិត្តដោយអត្តនោម័ត។ បើអ្នកណាហ៊ានមានមតិផ្ទុយពីលោកប្រធាន និងប្រពន្ធ អ្នកនោះនឹងត្រូវគេចោទថា លក់ក្បាលឲ្យ ហ៊ុន សែន ជាមិនខាន។ មានមន្ត្រីអតីតអ្នកស្មោះស័្មគ្រជាមួយ សម រង្ស៊ី ច្រើនណាស់ដែលទទួលរងគ្រោះ ដោយការចោទប្រកាន់ទាំងបំពាន ពីព្រោះតែពួកគេមានមតិយោបល់ចង់កែលម្អការដឹកនាំផ្ទៃក្នុងបក្ស ហើយក្រោយមកពួកគេសុខចិត្តដើរចេញពី សម រង្ស៊ី ទាំងឈឺចាប់។ នយោបាយបែបនេះនៅបន្តរហូតដល់បច្ចុប្បន្ន ដោយគ្មានការប្រែប្រួលសូម្បីតែបន្តិចឡើយ។

៦៖ សម រង្ស៊ី ជាមនុស្សស្រឡាញ់តំណែង មុខមាត់ និងលុយកាក់ ខុសស្រឡះពីមាត់និយាយ។ ដោយចាប់បានចំណុចខ្សោយនេះទើបនាយករដ្ឋមន្រ្តី ហ៊ុន សែន បោះនុយហើយ អាចប្រើ សម រង្ស៊ី បានយ៉ាងងាយ។ ជាក់ស្តែង ការកែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០% បូក១ កាលពីឆ្នាំ២០០៦ គឺជាកំហុសឆ្គងដ៏ធំធេងបំផុតមួយរបស់ សម រង្ស៊ី ដែលផ្តល់ប្រយោជន៍ធំមហិមារដល់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការវ៉ៃក្បិនចូលសភាកាលពីឆ្នាំ ២០១៤ ដោយក្បត់ពាក្យសម្តីរបស់ខ្លួនទាំងស្រុងគឺជា ឧទាហរណ៍មួយទៀតដែល លោក សម រង្ស៊ី លោតចូលអន្ទាក់បុរសខ្លាំង ហ៊ុន សែន ដោយសារតែចង់បានតំណែងជាប្រធានក្រុមមតិភាគតិចក្នុងសភា «ឋានៈស្មើនាយករដ្ឋមន្ត្រី»។ នេះហើយជាហេតុផលដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងនិយាយថា សម រង្ស៊ី ជា «ឆ្កែមួយក្បាលដែលស្រួលប្រើ»។

៧៖ សម រង្ស៊ី ជាអ្នកនយោបាយ «ស្នេហាព័ត៌មានក្លែងក្លាយ»៖ ការបំភ្លៃព័ត៌មានកាត់តរូបភាព និងប្រឌិតព័ត៌មានដែលមិនពិតយកមកផ្សាយគឺជាស្នាដៃដ៏ធំធេងមួយទៀតរបស់ សម រង្ស៊ី។ កាលពីមុនគាត់ជាមេក្លោងបង្រៀនកូនចៅឲ្យប្រើប្រាស់វិធីទុច្ចរិតនេះ។ ប៉ុន្តែចុងក្រោយនេះ សម រង្ស៊ី ខ្លួនឯងបានចេញមុខជាចំហបង្ហោះព័ត៌មានក្លែងក្លាយ និងមួលបង្កាច់ដ៏សាហាវ នៅតាមបណ្តាញសង្គមផ្លូវការរបស់ខ្លួនតែម្តង ដោយឥតអៀនខ្មាស។

៨៖ សម រង្ស៊ី មានឈាមជ័រជាជនក្បត់ជាតិបន្តពីឪពុក។ ពាក្យនេះបើស្តាប់មួយភ្លែតហាក់មានន័យគ្រាន់តែជាការជេរប្រមាថ ឬលាបពណ៌។ ប៉ុន្តែបើសិក្សាឲ្យស៊ីជម្រៅគេនឹងយល់ ថា សម រង្ស៊ី ពិតជាមាន «ហ្សែន» តំណរពូជក្បត់ជាតិពីឪពុករបស់ខ្លួនមែនហើយ។ ជាក់ស្តែងក្នុងមួយជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី មិនដែលគិតពីការកសាង ឬជួយជីវភាពប្រជាពលរដ្ឋឡើយ ប៉ុន្តែជំនាញរបស់គាត់គឺធ្វើយ៉ាងណាឲ្យជីវភាពពលរដ្ឋដុនដាប ឲ្យជាតិខ្មែរអាប់ឱនដើម្បីខ្លួនអាចកេងចំណេញនយោបាយ។ រយៈពេលជាងពីរទសវត្សរ៍មកនេះ គេមិនដែលឃើញ សម រង្ស៊ី សង់សាលារៀនមួយខ្នង, ជីកអណ្តូងទឹកមួយ ឬសាងសង់បង្គន់អនាម័យមួយជូនពលរដ្ឋឡើយ ពោលគឺមានតែ ញុះញង់ឲ្យពលរដ្ឋបំផ្លាញសមិទ្ធផល របស់រដ្ឋាភិបាលដែលខំកសាង។ នេះគឺជារឿងពិតដែលមិនអាចប្រកែកបាន។

៩៖ សម រង្ស៊ី ជាជនក្បត់ជាតិ តាមរយៈការចុះហត្ថលេខាជាមួយជនជាតិយួន ដេហ្គា ឈ្មោះកុក ស កាលពីឆ្នាំ២០១៣ ដោយសុខចិត្តប្រគល់ខេត្ត៤ នៅប៉ែកឥសាន្ត ប្រទេសឲ្យទៅយួនគ្រប់គ្រងឲ្យតែខ្លួនឈ្នះឆ្នោត។ នេះជាភស្តុតាងនៃអំពើក្បត់ជាតិដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។

សរុបមកវិញ ការផ្តល់រហស្សនាមថា «ឆ្កែមួយក្បាល កូនអាក្បត់ជាតិ» ពិតជាស័ក្តិសមណាស់ចំពោះអ្នកនយោបាយដូច សម រង្ស៊ី។ គឺជារហស្សនាម ដែលកើតចេញពីអំពើជ្រុលនិយមហួសហេតុហួសពីនិស្ស័យមនុស្សរបស់ សម រង្ស៊ី។ វាជារឿងអកុសលណាស់សម្រាប់ប្រទេសកម្ពុជា ដែលមានអ្នកនយោបាយធុន សម រង្ស៊ី នេះពីព្រោះវាធ្វើឲ្យខ្មែរយើងបាត់បង់ពេលវេលាយ៉ាងច្រើនណាស់ ដោយសារតែការបង្កព្យុះភ្លៀង របស់អ្នកនយោបាយដែលជា «ឆ្កែបម្រើបរទេស» រូបនេះ។

ដូច្នេះដើម្បីមានពេលកសាងជាតិកសាងសេដ្ឋកិច្ច និងបង្កើនជីវភាពគ្រួសារឲ្យបានរុងរឿង ដល់ពេលហើយដែលខ្មែរត្រូវនាំគ្នា កម្ចាត់ជនចង្រៃប្រភេទនេះកុំឲ្យមានឱកាស ធ្វើព្យុះភ្លៀងតទៅទៀត។ យើងជាពលរដ្ឋខ្មែរត្រូវឈរយ៉ាងរឹងមាំជាមួយរដ្ឋាភិបាលដើម្បីចាត់វិធានការចាំបាច់ប្រឆាំងនឹង «ឆ្កែមួយក្បាល កូនអាក្បត់ជាតិ» នេះឲ្យវិនាស ដើម្បីថែរក្សាកាពារសុខសន្តិភាព និងភាពថ្គុងថ្កើង រុងរឿងរបស់ជាតិនិងប្រជាជន យើងតរៀងទៅ៕

ដោយ៖ សាស្រ្តាចារ្យវិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម