(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ជាសេនាធិការ នៅសល់រយៈពេលមួយខែទៀតប៉ុណ្ណោះ នៃផែនការដំបូង ដើម្បីបន្ដដកហូតឯកសារមិនប្រក្រតី ដែលកាន់កាប់ដោយជនបរទេសកម្ពុជា ខណៈបច្ចុប្បន្នដកហូតសរុបចំនួន៣៦,០៩៤ឯកសារ ពីគ្រួសារជនបរទេសអន្តោប្រវេសន្ត សរុបចំនួន១៩,៣៩៥គ្រួសារ ស្មើនឹងប្រមាន៩២ភាគរយ។

នេះបើតាមការឲ្យដឹងពីលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលដឹកនាំការងារអន្ដោប្រវេសន៍ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោយកិច្ចប្រជុំកិច្ចសរុបលទ្ធផល ដកហូតឯកសារមិនប្រក្រតី និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន្ដ សម្រាប់ខែឧសភា ឆ្នាំ២០១៩ និងទិសដៅការងារមុនបញ្ចប់ឱសានវាទ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះថា «រហូតដល់ឥលូវយើងដកហូតឯកសារបានជាង៩០ភាគរយ ហើយ ឯកសារនោះពលរដ្ឋខ្មែរ មានគាត់ក៏មានដូចគ្នា ប៉ុន្ដែយើងរកឃើញគាត់ជាជនបរទេសកាន់កាប់មិនត្រូវយើងដក។ សញ្ជាតិដែលយើងដកហូតបាននេះ មាន៦សញ្ជាតិ ប៉ុន្ដែវៀតណាមនៅតែច្រើនជាងគេ»

ឆ្លើយតបនឹងរយៈពេលដែលកាន់តែគៀកមកដល់នេះ ត្រូវបានលោក សុខ ផល អះអាងថា ក្នុងចំណោមជនបរទេសដែលកាន់កាប់ទាំងអស់ មានមួយចំនួនខ្លះក៏បានត្រឡប់ទៅកាន់ស្រុកកំណើតវិញផងដែរ ប៉ុន្ដែចំនួនជាក់ស្ដែងប៉ុន្មាននោះ មិនទាន់ដឹងតួលេខច្បាស់នៅឡើយទេ ពោលរង់ចាំពេលបិទបញ្ចប់ជាស្ថាពរទើបធ្វើការបូកសរុប។

បើតាមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រោយយុទ្ធនាការត្រូវបានបញ្ចប់នោះ កម្ពុជានឹងកំណត់បានកាន់តែច្បាស់ថា បច្ចុប្បន្នជនបរទេសអន្ដោប្រវេសន្ដ មានចំនួន៦សញ្ជាតិ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានគ្រប់គ្រងយ៉ាងត្រឹមត្រូវដោយរាជរដ្ឋាភិបាលកម្ពុជា ពោលមានគល់បញ្ជី និងរូបថតជនបរទេសទាំងអស់នោះផងដែរ។

គួរជម្រាបថា យុទ្ធនាការដកហូតឯកសារមិនប្រក្រតី ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជានេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។

របាយការណ៍បានបង្ហាញថា លទ្ធផលសរុបពីដំបូង ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីសរុបចំនួន ៣៦,០៩៤ឯកសារ ពីគ្រួសារជនបរទេសអន្តោប្រវេសន្តសរុបចំនួន១៩,៣៩៥គ្រួសារ គិតជាមនុស្សរួម ចំនួន៦៨,៨០១នាក់ (ស្រី៣២,៨៣៧នាក់) មានអ្នកអាយុ១៨ឆ្នាំឡើង ចំនួន៤៩,៦៣៨នាក់ (ស្រី២៣,៩២១នាក់) មាន៩សញ្ជាតិ។

ដោយឡែក ជនបរទេសបែបអន្តោប្រវេសន្ត បានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត អ្នកអាយុ១៨ឆ្នាំឡើង ចំនួន៧៦,៤៩៨នាក់ (ស្រី៣៦,៥៨៥នាក់) គិតជាមនុស្សរួមចំនួន១១១,៤២១នាក់ (ស្រី៥៣,៥៦៧នាក់) ក្នុង៣៦,៤៨៥គ្រួសារ។

លើសពីនេះ បានផ្តល់ប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្តឲ្យប្រើប្រាស់អ្នកអាយុ១៨ឆ្នាំឡើង សរុបចំនួន៣៣,៩៣៩ប្រកាស (ស្រី ១៦,២៥៤នាក់) គិតជាមនុស្សរួមចំនួន ៥២,៧១០នាក់ (ស្រី២៥,៣១៦នាក់) ក្នុងចំនួន ១៧,០៥៧គ្រួសារ នៃអ្នកដែលបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោ
ប្រវេសន្តទាំងអស់៕