(ភ្នំពេញ)៖ រដ្ឋាភិបាលស្វីស បានសន្យាបន្តជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ចំនួន៤ឆ្នាំទៅមុខទៀត ដែលក្នុងមួយឆ្នាំៗមានទឹកប្រាក់ចំនួន៤លានហ្វ្រង់ស្វីស ឬប្រហែលជាង៤លានដុល្លារអាមេរិក (១ហ្វ្រង់ស្វីស ស្មើនឹង១.០១ដុល្លារអាមេរិក)។
ការបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលស្វីស បានធ្វើឡើង នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ តាមរយៈលោក Ivo Sieber ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា ក្នុងឱកាសដែលលោកចូលជម្រាបលា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីឯកអគ្គរដ្ឋទូតរូបនេះ បញ្ចប់បេសកកម្មការទូតរបស់ខ្លួន ដោយជោគជ័យនៅកម្ពុជា។
បើតាមការឲ្យដឹងពី លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ស្វីសបានសន្យាបន្តជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ចំនួន៤ឆ្នាំទៅមុខទៀតនោះ គឺចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ ក្រៅពីនេះ ស្វីសក៏បានសន្យាជួយគាំទ្រវិស័យដោះមីននៅកម្ពុជា ដោយមិនទាន់កំណត់រយៈពេលទៀតផងដែរ។
លោក កេត សោផាន់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖ «លោកទូតស្វីសបានបញ្ជាក់ថា ស្វីសនឹងបន្តគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា រយៈពេល៤ឆ្នាំទៅមុខទៀត ប្រមាណជា៤លានហ្វ្រង់ស្វីស ក្នុងមួយឆ្នាំៗ។ រដ្ឋាភិបាលស្វីស ក៏នឹងបន្តគាំទ្រក្នុងវិស័យដោះមីននៅកម្ពុជា»។
អ្នកនាំពាក្យបានឲ្យដឹងទៀតថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីស ដែលបានជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានមានវិធានការមួយចំនួន ដើម្បីជួយឲ្យដំណើរការមន្ទីរពេទ្យនេះ ដូចជាការផ្តល់វិភាគទាន១០លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់ដំណើរការ និងការផ្តល់ថវិកា៥លានដុល្លារ សម្រាប់មូលនិធិមន្ទីរពេទ្យ។ ជាមួយគ្នានេះ កម្ពុជាក៏មានផែនការ ដកយក២ដុល្លារក្នុងការលក់សំបុត្រ១សន្លឹក ចូលទស្សនាប្រាសាទអង្គរវត្ត សម្រាប់ជួយដំណើរការមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
ចំពោះវិស័យដោះមីន ប្រមុខការទូតកម្ពុជា ក៏បានថ្លែងអំណរគុណស្វីស នឹងបានបញ្ជាក់ថា ជំនួយនេះជាអំណោយដ៏ល្អប្រសើរបំផុត ដល់ប្រជាជនកម្ពុជា ដែលចង់មានសុវត្ថិភាពជុំវិញផ្ទះរបស់ខ្លួន។
លោកបានប្រាប់ទូតស្វីសចប់អាណត្តិថា ជាតួលេខចាប់ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១៩នេះ អត្រានៃការរងគ្រោះថ្នាក់ដោយសារមីននេះ មានការថយចុះយ៉ាងច្រើន ដែលឆ្នាំ២០០០ មានប្រហែលជាង ៤ពាន់នាក់ក្នុងមួយឆ្នាំ តែពេលនេះមានប្រហែលជា១០០នាក់ ឬមួយក៏ក្រោម ១០០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ៕