(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់កសិករដាំដំណាំកៅស៊ូ មានការអត់ធ្មត់ចំពោះបញ្ហាតម្លៃជ័រកៅស៊ូធ្លាក់ថ្លៃ នៅលើទីផ្សារអន្តរជាតិ និងសូមឲ្យបងប្អូនកុំជ្រួលជ្រើមទៅតាមចរន្តទីផ្សារលឿនពេក ដោយកាប់ដើមកៅស៊ូចោលហើយដាំដំណាំណាដែលមានទីផ្សារមួយកញ្ជ្រោលនោះ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់និស្សិតផ្នែកសុខាភិបាល មកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបប្រមាណ ១,៣៥៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះ ជ័រកៅស៊ូធម្មជាតិរបស់យើងតម្លៃធ្លាក់ចុះបន្តិច ក៏ប៉ុន្តែក៏សូមអំពាវនាវកុំឲ្យកសិកររបស់យើង រត់ទៅតាមចរន្តទីផ្សារលឿនពេក។ កន្លែងខ្លះកាប់ដើមកៅស៊ូជំនួសដោយស្វាយចន្ទី ដល់ពេលស្វាយចន្ទីធ្លាក់ថ្លៃ កាប់ស្វាយចន្ទីទៅដាំដំណាំផ្សេងទៀត អ៊ីចឹងវាចំណាយពលកម្មច្រើនណាស់»។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នេះបញ្ជាក់ថា នៅ៤ខែដំបូងឆ្នាំ២០១៩ សម្រាប់តម្លៃជាមធ្យមរបស់ជ័រកៅស៊ូ មានតម្លៃ១,៣០០ដុល្លារក្នុង១តោន បានធ្លាក់ចុះ១០%។
រយៈពេល៤ខែដំបូង ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកៅស៊ូចំនួន ៦៣,៤៥៣តោន កើនឡើង២៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ បើគិតជាចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញជ័រកៅស៊ូ ជាង៨២លានដុល្លារ។
តម្លៃជ័រកៅស៊ូនាពេលបច្ចុប្បន្ន មិនទាន់អាចឲ្យឧស្សាហកម្មនេះ មានផលចំណេញបានឡើយ ដោយសារតម្លៃធ្លាក់ចុះច្រើន។ តម្លៃជ័រកៅស៊ូ គឺអាស្រ័យលើទីផ្សារអន្តរជាតិ ខណៈសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហា។ បើតម្លៃជ័រកៅស៊ូនៅតែបន្តធ្លាក់ចុះនោះ នឹងផ្តល់វិបាក សម្រាប់ឧស្សាហកម្មកៅស៊ូ និងកសិករ ខណៈការចំណាយសម្រាប់ពលកម្មក្នុងវិស័យនេះ នៅតែជាបញ្ហាប្រឈម។
សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕