(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ប្រទេសម៉ាឡេស៊ី បានក្លាយជាប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេបំផុត ក្នុងតំបន់អាស៊ាន ហើយប្រទេសដែលធ្លាប់ឈរលំដាប់ទី១ ដែលវិនិយោគនៅកម្ពុជាច្រើនជាងគេនេះ កំពុងតែរកវិធីដើម្បីប្រឹងវិនិយោគបន្ថែមនៅកម្ពុជា ដើម្បីដណ្តើមយកតំណែងលេខ២ ឬលេខ៣វិញ។

បច្ចុប្បន្នប្រទេសដែលវិនិយោគនៅកម្ពុជា ច្រើនជាងគេ គឺប្រទេសចិន ហើយក៏ជាប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេបង្អស់ដែរ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលសម្តេចញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាល មកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបប្រមាណ ១,៣៥៦នាក់ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «នៅប្រទេសម៉ាឡេស៊ី យើងបាននាំចេញអង្ករច្រើនជាងគេ [ក្នុងអាស៊ាន] ហើយថ្ងៃមុនខ្ញុំបានជួបអគ្គរដ្ឋទូតម៉ាឡេស៊ីថ្មី គឺគោលដៅរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្នដែលឯកឧត្តមមហាធៀ មហាម៉េត ត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រីវិញក្នុងវ័យជាង៩០ឆ្នាំ ម៉ាឡេស៊ីដាក់ចេញគោលដៅឲ្យមានការវិនិយោគ ព្រោះពីមុខម៉ាឡេស៊ីឈរលំដាប់លេខ១ នៅក្នុងការវិនិយោគនៅកម្ពុជា ឥឡូវម៉ាឡេស៊ីធ្លាក់ទៅដល់ទី៦ គាត់នឹងប្រឹងងើបឈរឡើងឲ្យដល់កម្រិតទី៣ ឬទី២ ដូច្នេះយើងក៏មានការពាក់ព័ន្ធជាមួយនឹងខាងក្រៅ»

របាយការណ៍របស់ក្រសួងកសិកម្មបានឲ្យដឹងថា នៅរយៈពេល៤ខែដំបូងឆ្នាំ២០១៩នេះ (ចាប់ពីខែមករា ដល់ មេសា) ប្រទេសម៉ាឡេស៊ី បានទិញអង្កររបស់កម្ពុជាចំនួន ១១,២៩១តោន, បន្ទាប់មកប្រទេសប៊្រុយណេ ចំនួន៩,២៤០តោន ប្រទេសវៀតណាម ៧,៤១៣តោន ប្រទេសសិង្ហបុរី ៨៣៥តោន និងថៃ២៥៥តោន។

ថ្លែងក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីអង្ករកម្ពុជាមានគូប្រកួតប្រជែងច្រើនមែន ប៉ុន្តែភាពខ្លាំងរបស់អង្ករកម្ពុជា គឺអង្កររបស់យើងមិនប្រើជាតិគីមី [អង្ករសិរីរាង្គ] ដែលមានទីផ្សារប្រទេសមួយចំនួនចាំទិញ ទោះបីតម្លៃថ្លៃជាងគេបន្តិចក៏ដោយ។

ជាមួយនឹងភាគខ្លាំងនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានជំរុញឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឲ្យប្រជាកសិករប្រើប្រាស់ជីធម្មជាតិ ជំនួសឲ្យការប្រើប្រាស់ជីគីមី ដែលមិនត្រឹមតែមានបញ្ហាដល់ទីផ្សារក្រៅប្រទេសប៉ុណ្ណោះទេ ក៏ប៉ុន្តែមានពាក់ព័ន្ធនឹងសុខភាព របស់ប្រជាពលរដ្ឋផ្ទាល់តែម្តង។

សូមជម្រាបថា នៅ៤ខែដើមឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិជិត៧០ប្រទេស បានជាង២១ម៉ឺនតោន កើនឡើង៨.៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ នៅឆ្នាំ២០១៨កន្លងទៅកម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៦២ម៉ឺនតោន៕