(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានក្រើនរំលឹកជាថ្មី ទៅដល់ក្រសួងសុខាភិបាល ឲ្យពិនិត្យដោយយកចិត្តទុកដាក់ ដោយមិនត្រូវឲ្យមានគ្រូពេទ្យ គ្មានការទទួលស្គាល់ច្បាស់លាស់នោះទេ។
ការក្រើនរំលឹកបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាល មកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សរុបប្រមាណ ១,៣៥៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សា ដោយជោគជ័យ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ។
ថ្លែងក្នុងពិធីនោះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសូមផ្ដល់អនុសាសន៍ សម្រាប់សាកលវិទ្យាល័យ និងសម្រាប់និស្សិត ហើយក៏សម្រាប់ខាងផ្នែកសុខាភិបាល ដោយសារតែសាកលវិទ្យាល័យនេះ មានរៀនផ្នែកវេជ្ជសាស្ដ្រ និងឱសថ គឺនិយាយរួម ទាក់ទងនិងផ្នែកពេទ្យ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ត្រូវយកចិត្តទុកដាក់ ទៅលើបញ្ហាមុខវិជ្ជា ផ្នែកវេជ្ជសាស្ដ្រ និងឱសថ ព្រោះថា វាទាក់ទងជាមួយនឹងអាយុជីវិតមនុស្ស ប្រសិនបើមិនច្បាស់លាស់ទេ ត្រូវខិតខំធ្វើយ៉ាងណា ក្រសួងសុខាភិបាល ត្រូវធ្វើការតម្រង់ទិស ព្រោះមិនអាចមានការបណ្ដុះបណ្ដាលឲ្យមានពេទ្យនៅក្រៅបញ្ជីក្របខណ្ឌ ដែលទទួលស្គាល់ដោយច្បាប់នោះទេ»។
នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរថា ទោះបីមានការខិតខំច្រើនណាស់ហើយក៏ដោយ ក៏ប៉ុន្ដែថ្មីៗនេះបណ្ដាញសារព័ត៌មានមួយចំនួនបានចុះ ហើយវាជារឿងពិត ដែលមានគ្រូពេទ្យមួយចំនួន ដើរចាក់ថ្នាំ ដោយគ្មានសញ្ញាបត្រ និងគ្មានការទទួលស្គាល់ ពីផ្នែកសុខាភិបាល នៅតាមភូមិ ឃុំមួយចំនួន នៅក្នុងផ្ទៃប្រទេសរបស់យើង។
ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ឥឡូវនៅតាមសាលាឯកជនមួយចំនួន សាកលវិទ្យាល័យឯកជនមួយចំនួន ក៏មានការបណ្ដុះបណ្ដាលផ្នែកវេជ្ជសាស្ត្រ ក៏ដូចជាឱសថនេះ ដូច្នេះត្រូវធ្វើការខិតខំសម្របសម្រួលយ៉ាងម្ដេចឲ្យក្លាយទៅជាប្រព័ន្ធមួយ ដែលជាប្រព័ន្ធឯកភាព។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីជាសិក្សានៅសាលារដ្ឋក្ដី សិក្សានៅសាលាឯកជនក្ដី ក៏ប៉ុន្ដែគប្បីមានការទទួលស្គាល់ឲ្យបានច្បាស់អំពីបញ្ហានេះ ព្រោះមុខវិជ្ជា ផ្នែកវេជ្ជសាស្ដ្រ និងឱសថ ជាមុខវិជ្ជាដែលទាក់ទង ទៅនឹងជីវិតមនុស្សតែម្ដង។
«ចំពោះបញ្ហាផលិតឱសថសាស្ដ្រ ក៏ដូចគ្នានេះដែរ ត្រូវមានស្ដង់ដារមួយជាកំណត់ រវាងផ្នែកសាកលវិទ្យាល័យរដ្ឋ និងសាកលវិទ្យាល័យឯកជន ព្រោះមិនអាចមានប្រព័ន្ធពីរ នៅក្នុងប្រទេសមួយ ដាច់ដោយឡែកពីគ្នានោះទេ»។ នេះជាការគូសបញ្ជាក់បន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន៕