(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ឌី វិជ្ជា កូនប្រុសរបស់អតីតអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ហុក ឡងឌី តាមរយៈបណ្តាញព័ត៌មាន Fresh News បានចេញសារប្រតិកម្មមួយ ពាក់ព័ន្ធនឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ជុំវិញការស្លាប់របស់លោក ហុក ឡកឌី។ សារប្រតិកម្មរបស់លោក ឌី វិជ្ជា មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ឌី វិជ្ជា ជាកូនប្រុសរបស់អតីតអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ហុក ឡងឌី ខ្ញុំបានកត់សម្គាល់ឃើញថា កន្លងមកថ្មីៗនេះបុគ្គលទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានព្យាយាមបង្កចលាចល ដោយការផ្សព្វផ្សាយព័ត៌មានប្រឌិត ញុះញង់ ធ្វើឲ្យមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ ជុំវិញការស្លាប់របស់ឪពុកខ្ញុំកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០០៨កន្លងទៅ។
ការស្លាប់របស់ឪពុកខ្ញុំក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាចក្រ ដោយសារកត្តាអាកាសធាតុ ត្រូវបានទណ្ឌិត សម រង្ស៊ី យកទៅធ្វើជាឧបាយកលទុច្ចរិតក្នុងការបម្រើមហិចតា នយោបាយរបស់ខ្លួនឥតអៀនខ្មាស់ និងងងឹតងងុលហ៊ានប្រើឈ្មោះរបស់សព ដើម្បីប្រឌិតរឿងបំបែកបំបាក់ផ្ទៃក្នុងនៃថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់។
នេះមិនមែនជារឿងលើកទីមួយទេ ដែលទណ្ឌិត សម រង្ស៊ី មុខក្រាស់ហ៊ានប្រឌិតព័ត៌មានមិនពិត និងបង្កើតព័ត៌មានញុះញង់ ដើម្បីបំផ្លាញស្ថិរភាពសង្គម និងសាមគ្គីភាពជាតិ ជាក់ស្ដែងដូចកន្លងមក មានការបង្កើតគណនីហ្វេសប៊ុកក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំរដ្ឋាភិបាល វាយប្រហារទៅលើប្រមុខរាជរដ្ឋាភិបាល និងញុះញង់ឲ្យយោធាធ្វើសកម្មភាព ផ្ដួលរំលំរដ្ឋាភិបាលជាដើម។
ការនិយាយផ្ដេសផ្ដាសគ្មានការពិត និងខ្វះការទទួលខុសត្រូវ បានក្លាយទៅជាទម្លាប់របស់ ទណ្ឌិត សម រង្ស៊ី ទៅហើយ។ ពាក់ព័ន្ធនឹងករណីនេះដែរ ខ្ញុំកំពុងឲ្យមេធាវីសិក្សា និងពិនិត្យមើលរៀបចំឯកសារ ដើម្បីប្ដឹងទណ្ឌិតរូបនោះផងដែរ៕