(ស្វាយរៀង)៖ នៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីផ្ទុះគ្រាប់សល់ពីសម័យសង្គ្រាម នៅផ្ទះទិញលក់អេតចាយមួយកន្លែង នៅភូមិសំបូរ ឃុំសំបូរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

មន្ដ្រីនគរបាលខេត្តស្វាយរៀង បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ហេតុការណ៍ផ្ទុះគ្រាប់បែកនេះ បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ភ្លាម ដោយម្នាក់ជាជីដូន និងម្នាក់ទៀតជាចៅ។

បើតាមមន្ដ្រីនគរបាល ជនរងគ្រោះទី១៖ឈ្មោះ ផង់ សុភី ភេទស្រី អាយុ៦៥ឆ្នាំ និងទី២៖ឈ្មោះ ឃួន បញ្ញា ភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាចៅ អ្នកទាំងពីរមានទីលំនៅកើតហេតុខាងលើ។

យ៉ាងណាមិញ សម្រាប់មូលហេតុដែលនាំឲ្យមានហេតុការណ៍នេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ ពោលនៅពេលនេះកំពុងចុះស្រាវជ្រាវនៅកន្លែងកើតហេតុ៕