(ភ្នំពេញ)៖ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានលើកឡើងថា កម្ពុជា គឺជាប្រទេសដែលមាននយោបាយវិនិយោគ បើកទូលាយជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រភពវិនិយោគធំជាងគេរបស់កម្ពុជា។

ការលើកឡើងរបស់អ្នកឧកញ៉ា ពុង ឃាវសែ បានធ្វើឡើងក្នុងពិធីជប់លៀងស្វាគមន៍ គណៈប្រតិភូសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក ក្រោមវត្ដមានឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម ដែលរៀបចំធ្វើឡើង នៅក្នុងអាគារ City Hall កោះពេជ្រ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩។

អ្នកឧកញ៉ា បានលើកឡើងថា «កម្ពុជា គឺជាប្រទេសដែលមាននយោបាយវិនិយោគ បើកទូលាយជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រភពវិនិយោគធំជាងគេរបស់កម្ពុជា។ តាមរយៈការអនុវត្តយុទ្ធសាស្រ្តខ្សែក្រវាត់មួយផ្លូវមួយ អ្នកវិនិយោគចិនកាន់តែច្រើន បានមកបណ្តាក់ទុននៅកម្ពុជា នាំមកនូវឱកាសអភិវឌ្ឍន៍ សម្រាប់ប្រទេសកម្ពុជា ដែលក្នុងនោះ គឺមានពាណិជ្ជករចិនទាជីវ ជាច្រើនផងដែរ»

ជាមួយគ្នានោះ អ្នកឧកញ៉ា ពុងឃាវសែ ក៏បានឲ្យដឹងថា ក្រុមពាណិជ្ជករចិនទាជីវ រស់នៅពាសពេញគ្រប់តំបន់ នៅសកលលោក គឺជាក្រុមពាណិជ្ជករចិន ដ៏មានឥទ្ធិពលលើឆាកអន្តរជាតិ។ ការខិតខំប្រឹងប្រែង របស់ក្រុមពាណិជ្ជករចិនទាជីវ មិនត្រឹមតែអភិវឌ្ឍន៍មុខរបរខ្លួនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស ដែលកំពុងរស់នៅ ទទួលបានកើតសរសើរយ៉ាងខ្លាំង ពីរាជរដ្ឋាភិបាលក្នុងតំបន់។

ក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែល មានឧត្តមភាពសំខាន់ៗ៥ សម្រាប់ការវិនិយោគ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន រួមមាន៖

១៖ ភាពអំណោយផល នៃស្ថិរភាពនយោបាយ និងសន្តិសុខ ដែលបានធ្វើឲ្យកម្ពុជា ស្ថិតនៅលើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ៧.៧ភាគរយ ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមកនេះ។

២៖ កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់អ្នកវិនិយោគទាំងអស់លើគ្រប់វិស័យ រួមទាំងវិស័យធនាគារ ធានារ៉ាប់រង កសិកម្ម កសិ-ឧស្សាហកម្ម រ៉ែ ថាមពលអគ្គិសនី អចលនទ្រព្យ ទេសចរណ៍ អប់រំ សុខាភិបាល តំបន់សេដ្ឋកិច្ចពិសេស -ល- ហើយអ្នកវិនិយោគបរទេស អាចធ្វើការវិនិយោគ១០០ភាគរយ ដោយគ្មានការចូលរួមពីវិនិយោគគិនក្នុងស្រុក។

៣៖ កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងច្រើន ក្នុងប្រជាជនកម្ពុជាដែលមាន អាយុក្រោម៣៥ឆ្នាំ មានរហូតដល់ទៅ៧២ភាគរយ នៃចំនួនប្រជាជនសរុប ហើយកម្លាំងពលកម្មនេះ ត្រូវបានព្យាករថានឹងមាន ការកើនឡើងថែមទៀត ក្នុងអំឡុងពី២ ទៅ៣ទសវត្សរ៍ខាងមុខទៀត។

៤៖ កម្ពុជាស្ថិតនៅលើទីតាំងយុទ្ធសាស្ត្រ ក្នុងតំបន់អាស៊ាន ដែលជាតំបន់មួយ បាននិងកំពុងទាក់ទាញការវិនិយោគ សម្រាប់ទីផ្សារមានប្រជាជនអាស៊ានជាង៦០០លាននាក់ ហើយកម្ពុជាក៏ស្ថិតនៅក្នុងតំបន់ជាប់ដងទន្លេមេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ ជាពិសេសការអនុវត្តគម្រោងផ្លូវមួយ ខ្សែក្រវាត់មួយ របស់លោកប្រធានាធិបតីចិន ស៊ី ជីនភីង។

៥៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើកំណែទម្រង់ជាច្រើន និងស៊ីជម្រៅលើវិស័យនានា ក្នុងគោលដៅទាក់ទាញការវិនិយោគ ក្នុងនោះរួមមានកំណែទម្រង់លើប្រព័ន្ធឡូជីស្ទីក វិស័យដឹកជញ្ជូន វិស័យថាមពល វិស័យគយ និងពន្ធដារ និងវិសោធនកម្មច្បាប់វិនិយោគ ជាដើម។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបញ្ជាក់ទៀតថា ទាំងអស់នេះ គឺជាឱកាស និងសក្តានុពលដ៏សំខាន់របស់កម្ពុជា ដែលរង់ចាំការវិនិយោគបន្ថែម ពីបងប្អូនសមាគមពាណិជ្ជករចិនទាជីវ ជាពិសេសកម្ពុជា មានកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយនឹងប្រទេសចិន ក្រោមគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ របស់លោកប្រធានាធិបតីចិន ស៊ី ជីនភីង៕

Advertising