(ភ្នំពេញ)៖ លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកនាំចេញកសិផលផងដែរនោះ បានលើកឡើងថា ទីផ្សារប្រទេសចិន គឺជាទីផ្សារដ៏មានសក្តានុពល និងជាទីផ្សារធំសម្រាប់ផលិតផលកម្មកម្ពុជា ដោយប្រទេសនេះ មានលទ្ធភាពទិញកសិផលពីកម្ពុជាច្រើន បើទោះបីជាកម្ពុជាអាចផលិតលើសពីពេលបច្ចុប្បន្ន៤ ទៅ៥ដងទៀតក៏ដោយ។
ការលើកឡើងបែបនេះរបស់លោក នង វាសនា ធ្វើឡើងក្នុងកិច្ចសម្ភាសក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ក្នុងប្រធានបទ «ទីផ្សារកសិផលរបស់កម្ពុជា ដែលនាំចេញទៅកាន់ប្រទេសចិន និងទីផ្សារពិភពលោក»។
លោកបានឲ្យដឹងបន្តថា «ប្រទេសចិនមានប្រជាជន១៤០០លាននាក់ ដែលច្រើនជាងប្រជាជនកម្ពុជាប្រហែលជា៩០ដង អីចឹងសក្តានុពលរបស់ប្រទេសចិន គឺធំធេងណាស់ចំពោះកសិផល មិនថាតែកសិផលរបស់កម្ពុជាទេ គឺកសិផលរបស់ពិភពលោកទាំងមូល។ កម្ពុជាតែមួយមិនអាចផ្គត់ផ្គង់ប្រជាជនចិត្តគ្រប់គ្រាន់នោះទេ មិនថាតែស្រូវអង្ករទេ គឺកសិផលផ្សេងៗទៀតរាប់រយមុខ»។
លោកបន្ថែមថា «កម្ពុជានៅពេលនេះ មានកសិផលចំនួន៦មុខ ហើយយើងមានអនុស្សារណៈយោគយល់គ្នា ជាមួយប្រទេសចិន ក្នុងការនាំចេញកសិផលច្រើនមុខ ដូច្នេះខ្ញុំគិតថា យើងគួរតែទម្លាយរបាំងផ្សេងដែលនៅសេសសល់ ហើយបើកទ្វារអនុញ្ញាតឲ្យកម្ពុជានាំចូល ទៅប្រទេសចិន។ ខ្ញុំគិតថាទោះបីជាយើងផលិតច្រើនជាងនេះ៤ ទៅ៥ដងទៀត គឺប្រទេសចិន ពិតជាមានលទ្ធភាពក្នុងការបញ្ជាទិញនេះ ជាជំនឿទុកចិត្តរបស់ខ្ញុំ»។
អ្នកនាំចេញរូបនេះបានបញ្ជាក់ថា ក្រៅពីមានប្រជាជនច្រើន មានតម្រូវការកសិផលច្រើនហើយនោះ ប្រជាជនចិនមានការបរិភោគ ចំណីអាហារស្រដៀងគ្នានឹងប្រជាជនកម្ពុជាដែរ ដូច្នេះហើយកម្ពុជាគួរតែធ្វើពិពិតកម្មកសិផលរបស់ខ្លួនឲ្យបានខ្លាំងក្លា ហើយត្រូវផលិតកសិផល ដែលមានគុណភាពខ្ពស់ សម្រាប់ផ្គត់ផ្គងក្នុងទីផ្សារ មិនថាតែប្រទេសចិនទេ នៅមានប្រទេសជាច្រើនទៀត។
លោកបញ្ជាក់ទៀតថា កសិផលដែលមានសក្ដានុពល សម្រាប់ប្រទេសចិន ក្រៅពីស្រូវអង្ករ គឺមានកសិផលជាច្រើនទៀត ដែលប្រជាជនកម្ពុជាកំពុងតែផលិត ដូចជាស្វាយ មង្ឃុត មៀន ធុរ៉េន និងកសិផលជាច្រើនទៀត៕