(ភ្នំពេញ)៖ នៅទីបផុត! ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញដីកាសម្រេចឃុំខ្លួន ស្រ្តីឈ្មោះ ផាន ស្រីលីន ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ដើម្បីរង់ចាំជំនុំជម្រះទោសជាក្រោយ ករណីបាញ់បោះចំនួន២គ្រាប់ ផ្អើលនៅវត្តសារ៉ាវ័ន្ត។ នេះបើតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ ដែលបញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ។

ការសម្រេចឃុំខ្លួនស្រ្តីរូបនេះគឺធ្វើឡើងបន្ទាប់ពី លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លើស្ត្រីខាងលើពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយខុសច្បាប់។

ស្រ្តីឈ្មោះ ផាន ស្រីលីន ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីផ្ទុះអាវុធចំនួន២គ្រាប់ វេលាម៉ោង៦៖១៥នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងវត្តសារ៉ាវ័ន្ត ក្នុងកុដលេខ២៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនបង្កឈ្មោះ ផាន ស្រីលីន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ជាន់ទី៤ ផ្លូវ២១៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានស្រុកកំណេីតនៅភូមិព្រែកដូងហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះឈ្មោះ ស៊ូ ពិសិដ្ឋ អាយុ ៣២ឆ្នាំ មុខរបរព្រះសង្ឃ គង់នៅវត្តសារ៉ាវ័ន្ត កុដលេខ២៣ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ នារីខាងលើបានជិះម៉ូតូកង់បីមួយគ្រឿង ទៅឈប់ពីមុខកុដិលេខ២៣ រួចក៏បានដេីរចូលទៅខាងក្នុងកុដិ ផ្ទុះអាវុធចំនួន១គ្រាប់ ហើយក៏បានដើរចេញមកខាងក្រៅ បាញ់ចំនួន ១គ្រាប់ទៀត បង្កការភ្ញាក់ផ្អេីលតែម្តង។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចខណ្ឌ ក៏បានចុះមកដល់កន្លែងកេីតហេតុ ឃាត់ខ្លួនស្រីដែលជាជនបង្ក ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញផងដែរ។

អ្នកដឹងសាច់រឿងនេះ បានបញ្ជាក់ថា កន្លងមកប្តីរបស់នារីខាងលេី បានទៅរកព្រះសង្ឃឲ្យធ្វើមន្តអាគមន៍ ដាក់ឱ្យប្រពន្ធស្រឡាញ់កាន់តែខ្លាំង ក្រោយពីសង្ឃដាក់មន្តអាគមន៍ រួចមកប្តីរបស់គាត់ចេះតែឈឺ មិនដែលលស់ថ្ងៃសោះ ដោយមានការអន់ចិត្ត ទើបនារីខាងលេីទៅប្រទេសថៃ រួចក៏ទិញកាំភ្លើងខ្លី មួយដើមម៉ាក (ឡុកអូទ្រីស មីនី) ក្នុងតម្លៃ១៥០០ដុល្លារ មកធ្វើសកម្មភាពបាញ់ចំនួន២គ្រាប់តែម្តង៕

Advertising