(ភ្នំពេញ)៖ ទំនើបកម្មគ្រឿងចក្រ និងបច្ចេកវិទ្យាក្នុងរោងចក្រ ខ្មែរ ប៊ែវើរីជីស បានទាក់ទាញឱ្យអ្នកជំនាញក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈជាង១០០នាក់ ពីជុំវិញពិភពលោក ឱ្យធ្វើដំណើរមកទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ នៅរោងចក្រនេះកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ។

លោកស្រី ឈុនឡាដា ម៉ាណាគុល ប្រធានសមាគមន៍ផលិតស្រាបៀរក្នុងប្រទេសថៃ ដែលបានដឹកនាំអ្នកជំនាញទាំងអស់ ពីជាង១០ប្រទេសមកកាន់រោងចក្រ ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរមុខមាត់វិស័យផលិតស្រាបៀរ និងភេសជ្ជៈក្នុងប្រទេសកម្ពុជា តាមរយៈការវិនិយោគលើគ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបៗដើម្បីផលិត ផលិតផល ដែលទទួលស្គាល់ជាអន្តរជាតិ។ដូច្នេះហើយ ដំណើរទស្សនកិច្ចនេះ នឹងផ្តល់បទពិសោធន៍ដ៏ល្អ សម្រាប់សិក្ខាកាមទាំងអស់ ក៏ដូចជាឱកាសក្នុងការរៀនសូត្រ ពីភាពជោគជ័យរបស់ក្រុមហ៊ុនផងដែរ»

លោក លាង ពៅ(ភីធើរ) សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា «រោងចក្រកាន់តែធំ ការប្រើប្រាស់គ្រឿងចក្រ និងបច្ចេកវិទ្យារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈក៏កាន់តែទំនើប។ ការធ្វើបច្ចុប្បន្នភាព លើបច្ចេកវិទ្យា និងគ្រឿងចក្រនេះ ហើយដែលជាកត្តាអាចឱ្យក្រុមហ៊ុនខ្មែរមួយនេះ រក្សាគុណភាពអន្តរជាតិ សម្រាប់ផលិតផលរបស់ខ្លួន»

ស្របគ្នានោះដែរ អគារបដិសណ្ឋារកិច្ចនៅរោងចក្រ ខ្មែរ ប៊ែវើរីជីស ដ៏ថ្មីសន្លាង ដែលទើបតែបញ្ចប់ការសាងសង់ ក៏ត្រូវបានបើកទ្វារទទួលស្វាគមន៍សិក្ខាកាមអន្តរជាតិ ដែលបានធ្វើដំណើរមកសិក្សាស្វែងយល់ពី ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាភ្ញៀវដំបូងផងដែរ។ អគារនេះ សាងសង់ឡើង ដើម្បីត្រៀមស្វាគមន៍សាធារណជនណា ដែលចង់មកធ្វើទស្សនកិច្ចរោងចក្រ ខ្មែរ ប៊ែវើរីជីស ចាប់ពីថ្ងៃនេះតទៅ៕