(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្តៃ បានប្រកាសថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹងចាប់ផ្តើមចូលកាន់តំណែង នៅក្នុងសប្តាហ៍នេះ បន្ទាប់ពីពួកគេជាប់ឆ្នោត កាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅនេះ។
ការប្រកាសរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីប្រារព្ធ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលធ្វើឡើងនៅ ភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រាប់ជាន់ថ្នាក់ និងសមត្ថកិច្ចទូទាំងប្រទេស ដែលបានចូលរួមថែរក្សាសណ្តាប់ធ្នាប់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា កាលពីខែឧសភា កន្លងទៅនេះ ប្រកបដោយជោគជ័យ និងរលូន។
សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រលើសលុប និងគ្រប់គ្រងអាសនៈក្រុមប្រឹក្សា ស្ទើតែទាំងស្រុង បន្តពីនោះគឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
លទ្ធផលផ្លូវការ ដែលប្រកាដោយគ.ជ.ប នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥០អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន៦អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៣អាសនៈ ក្នុងចំណោមអាសនៈសរុប៥៥៩អាសនៈ។
លទ្ធផលផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានបន្តនាំមុខគេ ដោយទទួលបានអាសនៈសរុប ៣៤៨៤អាសនៈ ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៣៣អាសនៈ និង ខ្មែររួបរួមជាតិទទួលបាន៣៨អាសនៈ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ៣,៥៥៥អាសនៈ។
ជារួមមក នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ មានគណបក្សតែ៣ប៉ុណ្ណោះ ដែលទទួលបានអាសនៈ នោះគឺគណបក្សប្រជាជនកម្ពុជារបស់ សម្តេចតេជោ ហ៊ុន សែន គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ។ គណបក្សចំនួន៤ទៀត ដែលចូលរួមការបោះឆ្នោតដែរនោះ មិនទទួលបានអាសនៈឡើយ៕