(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ អាជ្ញាធរមីនបានរៀបចំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូរអភិវឌ្បន៍លើវិស័យមីន (TWG-MA) ដើម្បីកៀគរធនធានបន្ថែម សម្រាប់ឈានទៅសម្រេចបាននូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និងផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពការងារវិស័យមីន បញ្ហាប្រឈម ព្រមទាំងដំណោះស្រាយផ្សេងៗ ក្នុងវិស័យសកម្មភាពមីន ដោយមានការចូលរួមពីគ្រប់ប្រទេសម្ចាស់ជំនួយ តំណាងស្ថានទូត ក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តករបោសសម្អាតមីនជាតិ និងអន្តរជាតិ សរុបចំនួន៨០នាក់។
នៅក្នុងឱកាសនោះផងដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចបន្ថែមថវិកា បដិភាគរាជរដ្ឋាភិបាល ១០%នៃថវិកាជំនួយ ដែលប្រទេសម្ចាស់ជំនួយផ្តល់បន្ថែមទៀត ក្នុងគម្រោងវិស័យសកម្មភាពមីន ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយប្រទេសម្ចាស់ជំនួយ បានសំណូមពរអាជ្ញារមីន គួររៀបចំយុទ្ធសាស្រ្តកៀគរធនធានពីផ្នែកឯកជន ឲ្យមកចូលរួមចំណែកក្នុងវិស័យមីន ឲ្យបានច្រើនថែមទៀត។
ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តករជាតិ និងអន្តរជាតិ ដែលបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងដល់ការអនុវត្តតាមផែនការយុទ្ធសាស្តជាតិសកម្មភាពមីន និងជាពិសេស បានសន្យារួមគ្នាបន្តជួយដល់ វិស័យសកម្មភាពមីន ដើម្បីកម្ពុជាអស់ការគំរាមដោយសារមីនត្រឹមឆ្នាំ២០២៥ ហើយអាជ្ញាធរមីននឹងយកសំណូមពរ និងសំណើរបស់ក្រសួងសេដ្ឋកិច្ច និងដៃគូអភិវឌ្ឍន៍ ទៅអនុវត្ត៕