(ភ្នំពេញ)៖ តាមរយៈការជួបពិភាក្សាគ្នាពេញមួយព្រឹកនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ លោក កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើទៅលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត នៃប្រទេសជប៉ុនប្រចាំកម្ពុជាចំនួន ៧ចំណុច សម្រាប់កិច្ចសន្ទនាគ្នា ដែលនឹងធ្វើឡើងនៅខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ស្តីពី សិទ្ធិមនុស្សនៅកម្ពុជា។
ប្រធានបទដែលស្នើដោយលោក កែវ រ៉េមី រួមមានទី១៖ កេរ្តិ៍ដំណែលសាលាក្តីខ្មែរក្រហម សម្រាប់តុលាការជាតិ, ទី២៖ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកម្មវិធីជំនួយផ្នែកច្បាប់, ទី៣៖ សេរីភាពនៃការជួបជុំ បញ្ចេញមតិការបង្កើតសមាគម និងអង្គការក្រៅរដ្ឋាភិបាល, ទី៤៖ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន, ទី៥៖ សិទ្ធិស្រ្តី និងអ្នកស្រឡាញ់ភេទដូចគ្នា LGBT, ទី៦៖ យន្តការតាមដាន និងត្រួតពិនិត្យការអនុវត្តអនុសាស្រ្ត UPR (ការត្រួតពិនិត្យជាសកលតាមកាលកំណត់) របស់អង្គការសហប្រជាជាតិ និងទី៧៖ កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការការពារសិទ្ធិសេរីភាព របស់ពលរដ្ឋ តាមរយៈយន្តការអង្គការសហប្រជាតិ ការិយាល័យឧត្តមស្នងការ និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។
បើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំរវាងគណៈកម្មាធិការសិទ្ធិមនុស្ស និងភាគីជប៉ុន ធ្វើឡើងមួយឆ្នាំម្តង ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងការអនុវត្តនានា ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក ព្រមទាំងលើកតម្កើងការពារសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕