(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធ លើករណីឃាត់មនុស្ស ប្រុស-ស្រី ជាច្រើននាក់ នៅក្លឹបកម្សាន្តរាត្រីយីហោ «លុច្សសារី» ទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។
មន្ត្រីនគបាលជាន់ខ្ពស់ បានឲ្យអង្គភាព Fresh News ដឹងនៅរសៀលនេះដែរថា ពេលនេះខាងស្នងការសម្រេចបញ្ជូនតែសំណុំរឿងទេ ចំណែកឯក្រុមនុស្ស ដែលជាប់ពាក់ព័ន្ធនឹងបន្តបញ្ជូនទៅនៅថ្ងៃស្អែកនេះ។
មន្ត្រីជាន់ខ្ពស់រូបនេះ បញ្ជាក់ទៀតថា ក្រុមអ្នកពាក់ព័ន្ធដែលត្រូវបញ្ជូនមកតុលាការ មានចំនួន១៧នាក់ ក្នុងនោះមានស្ត្រីជនជាតិវៀតណាម៥នាក់។ ក្រៅពីនោះ ក៏នៅមានជនបរទេស ៣១នាក់ផ្សេងទៀត ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានបរទេស ដោយឡែកអ្នកផ្សេងពីនោះ គឺត្រូវបានបញ្ជូនទៅមណ្ឌលអប់រំបន្សាបគ្រឿងញៀន។
គួររំលឹកថា កម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទាំងកណ្តាលអាធ្រាត្រ ចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» រកឃើញថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនអ្នកចូលលេងកម្សាន្តក្នុងក្លឹបជាង ៤០០នាក់។
ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តកណ្តាលរាជធានីភ្នំពេញនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ ៤រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។ ក្លឹបកម្សាន្ត «លុច្សសារី» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ក្រោយការឆែកឆេរ កម្លាំងសមត្ថកិច្ចបានបិទក្លឹបជាបណ្តោះអាសន្ន និងបាននាំអ្នកលេងកម្សាន្តប្រមាណ ៤០០នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បើតាមប្រភពពីសមត្ថកិច្ច អ្នកលេងកម្សាន្តក្នុងក្លឹបនេះភាគច្រើជនជាតិចិន និងវៀតណាម។
ក្លឹបកម្សាន្ត «លុច្សសារី» ជាក្លឹបកម្សាន្តមួយ ក្នុងចំណោមក្លឹបកម្សាន្តជាច្រើននៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបិទជាបន្តបន្ទាប់ ក្រោយពីសមត្ថកិច្ចបានចូលឆែកឆេរ រកឃើញមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចាប់តាំងពីលោក ស ថេត ចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៨។
ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបុរសម្នាក់ចូលទៅលេងក្នុងក្លឹបនេះ ហើយមានការផ្ទុះអាវុធបណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ៕