(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញសេចក្តីសម្រេចតែងតាំងជា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អមដោយអនុប្រធានចំនួន៤រូប ដែលសុទ្ធសឹងតែជា អ្នកនាំពាក្យនៅក្រសួងធំៗ និងសំខាន់ៗ។ នេះបើតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

សមាសសភាព អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានចំនួនសរុប៣០រូប ដែលជាអ្នកនាំពាក្យនៅតាមក្រសួងនានាចំណុះឱ្យរាជរដ្ឋាភិបាល។ ប្រធានអង្គភាពនេះ គឺលោក ផៃ ស៊ីផាន ចំណែកអនុប្រធានអចិន្រ្តៃយ៍ គឺលោក ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី។ ដោយឡែកអនុប្រធាន៣រូបផ្សេងទៀត រួមមាន នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ និង លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

តាមសេចក្តីសម្រេចកន្លកមក គឺអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានភារកិច្ចដូចតទៅ៖
* សម្របសម្រួលធានាឱ្យមានឯកភាព ប្រសិទ្ធភាព សណ្តាប់ធ្នាប់ក្នុងការផ្តល់ និងការផ្សាយព័ត៌មាន
ដែលពាក់ព័ន្ធនឹងរាជរដ្ឋាភិបាល
* ដឹកនាំ គ្រប់គ្រង និងធ្វើនិយ័តកម្មលើការផ្សព្វផ្សាយរាល់ព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាល
* សម្របសម្រួលជាមួយបណ្តាញសារព័ត៌មានសាធារណជនជាតិ និងអន្តរជាតិ និងធានាលំហូរព័ត៌មានឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅធានាការពារផលប្រយោជន៍ជាតិ ជាអាទិភាព
* ប្រមូល តាមដាន អង្កេត និងវិភាគនូវរាល់ព័ត៌មាន និងព្រឹត្តិការណ៍នានា ដែលបានកើតឡើង ដើម្បីបំភ្លឺ និងពន្យល់បញ្ចៀសការផ្សព្វផ្សាយ នូវរាល់ព័ត៌មានមិនពិត ដែលមានចរិតញុះញង់ នាំឱ្យខូចសន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាព និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលឬស្ថាប័នពាក់ព័ន្ធ
* ពន្យល់ និងផ្សព្វផ្សាយអំពីប្រសិទ្ធភាព នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ទៅកាន់បណ្តាញសារព័ត៌មាន ក៏ដូចជាសាធារណជន ដើម្បីចៀសវាងការបកស្រាយខុស ជាហេតុនាំឱ្យមានការវាយតម្លៃអវិជ្ជមានលើរាជរដ្ឋាភិបាល
* រៀបចំបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញដល់ សមាជិកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង
គ្រប់គ្រងដំណើរការការងារប្រចាំថ្ងៃ ឱ្យមានប្រសិទ្ធភាព
* បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។

អនុប្រធាន និងសមាជិកអង្គភាព ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធានអង្គភាពអ្នកនាំពាក្យ
រាជរដ្ឋាភិបាល។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អាចអញ្ជើញឥស្សរជន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញផ្សេងៗទៀត ដើម្បីចូលរួមប្រជុំដោះស្រាយការងារ និងស្នើសុំកិច្ចសហការទៅតាមតម្រូវការចាំបាច់ក្នុងវិស័យព័ត៌មាន។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានសិទ្ធិប្រើកញ្ចប់ថវិការបស់ទីស្តីការគណៈរដ្ឋមន្ត្រី ឬប្រភពថវិកា
ស្របច្បាប់ផ្សេងទៀត ដើម្បីដំណើរការមុខងារតាមការចាំបាច់របស់ខ្លួន៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន៖