(សិង្ហបុរី)៖ រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី លោកបណ្ឌិត វីវៀន បាឡាគ្រីសស្នាន់ (Vivian Balakrishnan) បានបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី ត្រូវសហការគ្នាទាំងក្នុងកម្រិតទ្វេភាគី ក្នុងនាមសមាជិកអាស៊ាន ដើម្បីថែរក្សាសនិ្តសុខ និងស្ថិរភាពនៅក្នុងតំបន់។
ការបញ្ជាក់ជំហរបែបនេះ របស់រដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានធ្វើឡើងនៅក្នុងឱកាសដែល លោកបានអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅក្រសួងការបរទេសសិង្ហបុរី នាសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងជំនួបនេះ លោកបណ្ឌិត វីវៀន បាឡាគ្រីសស្នាន់ (Vivian Balakrishnan) បានសម្តែងការអបអរសាទរជូនចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
លោកបណ្ឌិត វីវៀន បាឡាគ្រីសស្នាន់ បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា ជាមិត្តចាស់ និងមានការទំនាក់ទំនង ដែលផ្តល់ផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក។ លោកបានបញ្ជាក់ថាប្រទេសទាំងពីរ ត្រូវតែសហការគ្នាទាំងក្នុងកម្រិតទ្វេភាគី និងក្នុងនាមសមាជិកអាស៊ានក្នុងការរក្សាសនិ្តសុខ និងស្ថិរភាពនៅក្នុងតំបន់»។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគាំទ្រយោបល់របស់លោករដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសិង្ហបុរី ដែលបានបញ្ជាក់ពីសារសំខាន់ នៃកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងការរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានបន្ថែមថា សហគមន៍អាស៊ានត្រូវតែនៅជាធ្លុងមួយ ដើម្បីការអភិវឌ្ឍ ការរីកចម្រើន វិបុលភាព និងនិរន្តភាពក្នុងតំបន់។ ឧត្តមសេនីយ៍ឯក បន្តថាដំណើរទស្សនកិច្ចនេះ នឹងបន្តរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត៕